រដ្ឋបាលខេត្តមណ្ឌលគិរី

Mondulkiri Administration
ស្វែងរក

ទិវាសត្វខ្លាធំបំផុសបានប្រារព្ធនៅខេត្តមណ្ឌលគិរី

  • 724
  • ដោយ sonea

ខេត្តមណ្ឌលគិរី ប្រារព្ធទិវាសត្វខ្លាធំបំផុសស្មារតីឲ្យប្រជាពលរដ្ឋចូលរួមអភិរក្ស
=======
មណ្ឌលគិរី៖ ក្រោយអំឡុងឆ្នាំ២០០៧សត្វខ្លាធំបានបាត់វត្តមានពីទឹកដីខេត្តមណ្ឌលគិរី រហូតមកដល់បច្ចុប្បន្នមន្ត្រី ការពារសត្វព្រៃ ប្រជាពលរដ្ឋពុំដែលបានឃើញសត្វខ្លាជាង១០ឆ្នាំមកហើយ ចំណែកកាមេរ៉ាបង្កប់ក្នុងដែនជម្រកសត្វព្រៃ ក៏មិនធ្លាប់ចាប់បានរូបភាពសត្វខ្លាប្រភេទនេះទៀតដែរ ដែលអ្នកជំនាញផ្នែកសត្វព្រៃបានសន្និដ្ឋានថា ខ្លាធំប្រហែលមិន មានវត្តមាននៅខេត្តមណ្ឌលគិរីទៀតនោះទេ ។
ដើម្បីបំផុសចលនាឲ្យប្រជាពលរដ្ឋស្រឡាញ់ធម្មជាតិ សត្វព្រៃ ជាពិសេសស្ដារប្រភេទសត្វខ្លាធំមកវិញអាជ្ញាធរខេត្ត មណ្ឌលគិរី សហការជាមួយអង្គការWWF បានរៀបចំទិវាសត្វខ្លាធំសកល នារសៀលថ្ងៃទី២៩ កក្កដា ២០១៩នេះ និងបានដង្ហែរក្បួនផ្សព្វផ្សាយតាមដងផ្លូវក្នុងក្រុងសែនមនោរម្យ ឲ្យប្រជាពលរដ្ឋបានយល់ដឹង និងរួមគ្នាលុបបំបាត់ការអន្ទាក់បរបាញ់សត្វព្រៃ ជួញដូរសត្វព្រៃ ការកាប់បំផ្លាញព្រៃឈើជាជម្រកសត្វព្រៃ និងបញ្ឃប់ការបរិភោគសាច់សត្វព្រៃ ដោយអ្នកជំនាញជឿថា ប្រសិនបើប្រជាពលរដ្ឋរួមគ្នាជាមួយមន្ត្រីជំនាញអភិរក្ស សត្វព្រៃគ្រប់ប្រភេទមិនប្រឈមជាមួយការផុតពូជនោះទេ ចំណែកសត្វខ្លាធំក៏អាចបង្ហាញវត្តមានវិញដែរ គ្រាដែលពួកវាមានទីជម្រកដ៏ល្អ ។
ឯកឧត្តម រ័ត្ន វរៈ អនុរដ្ឋលេខាធិកាក្រសួងបរិស្ថាន បានសម្តែងការអបអរសាទរចំពោះក្រុមការងារមន្ទីរបរិស្ថាន និងអង្គការ WWFកម្ពុជា ដែលបានរៀបចំឲ្យមានទិវាសត្វខ្លាធំសកល ឆ្នាំ២០១៩នេះឡើង ដែលប្រារព្វធ្វើនៅខេត្តមណ្ឌលគិរី ដែលជាទីកន្លែងជម្រកសត្វព្រៃ និងជាគោលដៅទេសចរណ៍ធម្មជាតិ។ ឯកឧត្តម មានប្រសាសន៍ថា ការងារអភិរក្សធនធានធម្មជាតិ និងសត្វព្រៃ ជាផ្នែកមួយដ៏សំខាន់របស់ក្រសួងបរិស្ថាន សម្រាប់ជាតិ និងសម្រាប់យើងទាំងអស់គ្នា ក្នុងនោះដែរក្រសួងបរិស្ថាន និងរាជរដ្ឋាភិបាលកម្ពុជា មានគោលនយោបាយជាតិលើការគ្រប់គ្រងព្រៃឈើ សំខាន់មួយចំនួនដូចជាៈ ១) កំណែទម្រង់ការគ្រប់គ្រង់ព្រៃឈើ និងតំបន់ការពារធម្មជាតិ ២) ការរៀបចំគោលនយោបាយ បទដ្ឋានគតិយុទ្ធនានា ៣) ការគ្រប់គ្រងតំបន់ការពារធម្មជាតិ (ការបែងចែកតំបន់គ្រប់គ្រង និងការធ្វើផែនការគ្រប់គ្រងតំបន់ការពារធម្មជាតិ) នៅក្នុងប្រទេសកម្ពុជា ៤) កម្មវិធីកែលំអរកំរិតជីវភាពសហគមន៍មូលដ្ឋានដែលនៅក្នុងតំបន់ការពារធម្មជាតិ និងទី៥) ការជម្រុញ និងរៀបចំទេសចរណ៍ធម្មជាតិជាដើម។ 
អភិបាលខេត្តមណ្ឌលគិរី ឯកឧត្ដម ស្វាយ សំអ៊ាង បានថ្លែងថា បើមិនរួមគ្នាក្នុងការថែរក្សាព្រៃឈើ និងសត្វព្រៃពីគ្រប់មជ្ឈដ្ឋាននោះទេ ធនធានធម្មជាតិទាំងនោះនឹងបាត់បង់ តួយ៉ាងសត្វខ្លាធំគឺបាត់ដានពីខេត្តមណ្ឌលគិរីតាំងពីឆ្នាំ២០០៧ ក្នុងបញ្ហានេះប្រសិនបើសាធារណៈជនចូលរួមជាមួយមន្ត្រីជំនាញ ទប់ស្កាត់បទល្មើសធនធានធម្មជាតិគ្រប់រូបភាព លោកជឿថា វិសាលភាពដែនជម្រកសត្វព្រៃជាង១លានហិកតានៅខេត្តមណ្ឌលគិរី នឹងក្លាយជាជម្រកសម្រាប់សត្វព្រៃគ្រប់ប្រភេទយ៉ាងគង់វង្ស ។
លោក សេង ទៀក តំណាងអង្គការWWFប្រចាំប្រទេសកម្ពុជាបានឲ្យដឹងថា ខ្លាធំជាសត្វស៊ីសាច់ជាអាហារលំដាប់លើគេក្នុងចំណោមសត្វព្រៃទាំងអស់ ហើយវាមានតួនាទីយ៉ាងសំខាន់បំផុតក្នុងការធ្វើឲ្យមានតុល្យភាព និងរក្សាលំនឹងប្រព័ន្ឋអេកូឡូស៊ី និងបរិស្ថានដែលផ្តល់ប្រយោជន៍ដល់សត្វព្រៃដទៃទៀតព្រមទាំងប្រជាពលរដ្ឋរាប់លាននាក់។ លោក សេង ទៀក បន្តថា ក្នុងឆ្នាំ២០១៦ ចំនួនសត្វខ្លាធំនៅទូទាំងពិភពលោកត្រូវប៉ាន់ប្រមាណថា មានការកើនឡើងបន្តិច គឺមានចំនួន៣៩០០ក្បាល បើប្រៀបធៀបនិងឆ្នាំ២០១០ មានចំនួន៣២០០ក្បាល ខណៈនៅដើមទស្សវតទី២០ ខ្លាធំមានចំនួនប្រហែល១០ម៉ឺនក្បាលើពិភពលោក ប៉ុន្តែត្រូវបានបាត់បង់រហូតជាង៩០% ។ចំនួនសត្វខ្លាធំដែលបានកើនឡើង ជាពិសេសមានក្នុងប្រទេសឥណ្ឌា នេប៉ាល់ នឹងរុស្សី។ជាមួយកំណើនបន្តិចនេះ ក្រុមអ្នកស្រឡាញ់បរិស្ថានក៏បានបង្ហាញពីការព្រួយបារម្ភយ៉ាងខ្លាំងលើការគំរាមគំហែង ជាសាកលដល់សត្វខ្លាធំនៅលើពិភពលោក ដោយសារតែការបាត់បង់ទីជម្រក ការបរបាញ់ នឹងការជួញដូរ ជាបណ្តាញ និងជាប្រព័ន្ឋក្នុងពិភពលោក៕

អត្ថបទទាក់ទង