រដ្ឋបាលខេត្តមណ្ឌលគិរី

Mondulkiri Administration
ស្វែងរក

ឯកឧត្តម ស្វាយ សំអ៊ាង បន្តនាំយកអំណោយមនុស្សធម៌ ចែកជូនដល់ពលរដ្ឋចំនួន ២៤៩គ្រួសារ រងគ្រោះដោយជំនន់ទឹកភ្លៀង នៅភូមិណងបួរ ឃុំណងឃិលឹក ក្នុងស្រុកកោះញែក

  • 566
  • ដោយ sovanndy

មណ្ឌលគិរី៖ ឯកឧត្តម ស្វាយ សំអ៊ាង ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត អមដំណើរដោយលោក លោកស្រី សមាជិកនៃគណៈកម្មាធិការសាខា អនុសាខាស្រុក បានអញ្ជើញចុះជួបសំណេះសំណាលសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ ផ្តល់ជូនប្រជាពលរដ្ឋរងគ្រោះដោយជំនន់ទឹកភ្លៀង នៅភូមិណងបួរ ឃុំណងឃិលឹកស្រុកកោះញែក ខេត្តមណ្ឌលគិរី នាព្រឹកថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១៩។

ឯកឧត្តម ស្វាយ សំអ៊ាង មានប្រសាសន៍ថា សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលតែងតែគិតគូរសុខទុក្ខដល់ប្រជាពលរដ្ឋដែលជាជនងាយរងគ្រោះ និងរងគ្រោះដោយគ្រោះមហន្តរាយផ្សេងៗ ដោយមិនប្រកាន់និន្នាការនយោបាយអ្វីឡើយ។ ឯកឧត្តម បានផ្តាំផ្ញើដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ សូមយកចិត្តទុកដាក់ទៅលើបញ្ហាសុខភាព ដោយរក្សាអនាម័យ ពិសារទឹកឆ្អិន និងគេងក្នុងមុខជានិច្ច ចៀសវាងកើតជំងឺគ្រុនឈាម-គ្រុនចាញ់ ជំងឺរាករួស និងជំងឺតម្កាត់ផ្សេងៗទៀត ជាពិសេស ត្រូវប្រុងប្រយ័ត្នចំពោះសត្វអសិរពិសទាំងឡាយ ប្រសិនបើមានពស់ចឹក សូមប្រញ៉ាប់ប្រញាលទៅមន្ទីរពេទ្យ ដើម្បីទទួលបានការព្យាបាលឱ្យទាន់ពេលវេលា។ ក្រៅពីនោះ ក៏ត្រូវយកចិត្តទុកដាក់ អំពីសុវត្ថិភាព កូនចៅតូចៗ កុំឱ្យលេងទឹក ដើម្បីបញ្ជៀសការលង់ទឹក ហើយពេលទឹកស្រកទៅវិញសូមបងប្អូនប្រជាពលរដ្ឋ ត្រូវត្រៀមពូជដំណាំ និងត្រូវសហការជាមួយស្ថាប័នជំនាញ ដើម្បីស្តារកសិកម្មឡើងវិញ។ ទទឹមនឹងនោះដែរ ឯកឧត្តម បានណែនាំដល់មន្រ្តីជំនាញ និងអាជ្ញាធរមូលដ្ឋានទាំងអស់ ត្រូវសហការគ្នា យកចិត្តទុកដាក់ជួសជុលលើបញ្ហាហេដ្ឋារចនាសម្ព័ន្ធនានា ដើម្បីធ្វើយ៉ាងណាជួយសម្រួលការធ្វើដំណើរទៅមកមានលក្ខណៈងាយស្រួល។

ឯកឧត្តម បន្ថែមថា ចំពោះអំណោយមនុស្សធម៌ ចែកជូនដល់ពលរដ្ឋរងគ្រោះដោយជំនន់ទឹកភ្លៀងនាពេលនេះ គឺដើម្បីជួយសម្រាលនូវការខ្វះខាតមួយរយៈពេលខ្លី នាឱកាសនោះដែរ ឯកឧត្តម ស្វាយ សំអ៊ាង បាននាំយកអំណោយកាកបាទក្រហមកម្ពុជា ចែកជូនដល់ប្រជាពលរដ្ឋរងគ្រោះដោយជំនន់ទឹកភ្លៀងចំនួន២៤៩គ្រួសារ ក្នុងមួយគ្រួសារ ទទួលបានគ្រឿងឧបភោគបរិភោគ និងថវិកាមួយចំនួនផងដែរ៕

អត្ថបទទាក់ទង