រដ្ឋបាលខេត្តមណ្ឌលគិរី

Mondulkiri Administration

រដ្ឋបាលខេត្តមណ្ឌលគិរី

Mondulkiri Administration

ព្រះរាជាណាចក្រកម្ពុជា
ជាតិ សាសនា ព្រះមហាក្សត្រ

ប្រជាពលរដ្ឋរងគ្រោះដោយធម្មជាតិជិត១០០គ្រួសារ ទទួលបានអំណោយមនុស្សធម៌ពីកាកបាទក្រហមកម្ពុជាខេត្តមណ្ឌលគិរី

ដោយ soneaចំនួនទស្សនា (70)

ប្រជាពលរដ្ឋរងគ្រោះដោយធម្មជាតិជិត១០០គ្រួសារ ទទួលបានអំណោយមនុស្សធម៌ពីកាកបាទក្រហមកម្ពុជាខេត្តមណ្ឌលគិរី
==========
មណ្ឌលគិរីះ ដើម្បីឆ្លើយតបទៅនឹងតម្រូវការរបស់ប្រជាពលរដ្ឋជាជនរងគ្រោះ នាព្រឹកថ្ងៃទី១០ ខែ សីហា ឆ្នាំ២០១៩ ឯកឧត្តម ស្វាយ សំអ៊ាង ប្រធានគណៈកម្មាធិការសាខា ព្រមទាំងសមាជិក សមាជិកការនៃគណៈកម្មាធិការសាខា និងអនុសាខាស្រុក បានអញ្ជើញចុះជួបសំណេះសំណាលសួរសុខទុក្ខ និងចែកអំណោយជូនប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់ចំនួន ៩៩គ្រួសារ នៅក្នុងភូមិជីមៀត ឃុំណងឃិលឹក ស្រុកកោះញែក។
ឯកឧត្តម ស្វាយ សំអ៊ាង ប្រធានគណៈកម្មាធិការសាខា បានពាំនាំនូវសេចក្ដីនឹករលឹកពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលតែងតែគិតគូរសុខទុក្ខដល់ប្រជាពលរដ្ឋដែលជាជនងាយរងគ្រោះ និងរងគ្រោះដោយគ្រោះមហន្តរាយផ្សេងៗ ដោយមិនប្រកាន់និន្នាការនយោបាយអ្វីឡើយ។ ឯកឧត្តម បានបញ្ជាក់ថា ដោយសារមួយរយៈកន្លងមកនេះ ខេត្តមណ្ឌលគិរី ក៏មានភ្លៀងធ្លាក់ជាប់ៗគ្នា បណ្តាលឱ្យស្រុកចំនួន០៣ ក្នុងខេត្ត ដែលរងគ្រោះដោយជំនន់ទឹកភ្លៀង និងខូចខាតនូវផ្លូវ ស្ពាន និងផលដំណាំមួយចំនួន តែមិនបណ្តាតឱ្យគ្រោះថ្នាក់ដល់អាយុជីវិតនោះទេ។ ឯកឧត្តម បានបន្ថែមថា នៅស្រុកកោះញែកនេះ មាន០៤ភូមិ ក្នុងឃុំណងឃិលឹក និងមានប្រជាពលរដ្ឋជាង៨០០គ្រួសារ ដែលរងផលប៉ះពាល់ដោយជំនន់ទឹកភ្លៀង ហើយការនាំយកអំណោយចែកជូននាពេលនេះ គឺចែកជូនប្រជាពលរដ្ឋ១ភូមិ ក្នុងភូមិជីមៀត ស្មើនឹង៩៩គ្រួសារ ដើម្បីជួយដោះស្រាយបានមួយកម្រិត ដោយឡែក ភូមិចំនួន៣ទៀត ក្រុមការងារកាកបាទក្រហមកម្ពុជាខេត្ត នឹងចែកជូនបន្តទៀតនៅពេលក្រោយ។ ទទឹមនឹងនេះដែរ ឯកឧត្តម បានណែនាំដល់មន្រ្តីជំនាញ និងអាជ្ញាធរមូលដ្ឋានទាំងអស់ ត្រូវត្រៀមអន្តរាគមន៍ដល់ពលរដ្ឋដែលជួបគ្រោះទឹកជំនន់ឱ្យបានទាន់ពេលវេលា ខណៈភ្លៀងនៅតែបន្តធ្លាក់ ជាពិសេស ក៏បានអំពាវដល់ប្រជាពលរដ្ឋទាំងអស់ ត្រូវមានការប្រុងប្រយ័ត្នខ្ពស់ចំពោះអាកាសធាតុ នៅពេលមានភ្លៀងធ្លាក់ ផ្គរ រន្ទះ ហើយក៏ឱ្យប្រជាពលរដ្ឋ ត្រូវគិតគូរថែទាំសុខភាពឱ្យបានល្អ និងគេងក្នុងមុខជានិច្ច ចៀសវាងកើតជំងឺគ្រុនឈាម-គ្រុនចាញ់ និងជំងឺរាតត្បាតផ្សេងៗផងដែរ។
តាមការបញ្ជាក់របស់លោក អាន សុឃីម នាយកសាខាកាកបាទក្រហមកម្ពុជាខេត្ត បានឱ្យដឹងថា អំណោយដែលចែកជូនដល់ពលរដ្ឋរងគ្រោះដោយជំនន់ទឹកភ្លៀងនៅភូមិជីមៀត ចំនួន៩៩គ្រួសារនាពេលនេះ ក្នុងមួយគ្រួសារ ទទួលបានគ្រឿងឧបភោគបរិភោគ និថវិកាមួយចំនួនផងដែរ។
បន្ទាប់មក លោក អាន សុខឃីម នាយកសាខាកាកបាទក្រហមកម្ពុជាខេត្ត និងលោក ខឹម សុផុន ប្រធានមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនិតីសម្បទាខេត្ត បានចុះសួរសុខទុក្ខ និងនាំយកថវិកាមួយចំនួន ផ្តល់ជូនស្រ្តីសម្រាល់កូន ឈ្មោះ ពុំ ឡូ អាយុ១៧ឆ្នាំ រស់នៅភូមិកោះម្យើលក្រោម ឃុំណងឃិលឹក កំពុងសម្រាកនៅមណ្ឌលសុខភាពស្រុកកោះញែក បន្ទាប់ពីស្រ្តីមានផ្ទៃពោះនោះ
ត្រូវបានក្រុមការងារប្រតិបត្តិសាខាកាកបាទក្រហមកម្ពុជាខេត្តមណ្ឌលគិរី និងក្រុមគ្រូពេទ្យស្រុកកោះញែក ជួយសង្គ្រោះក្នុងពេលទឹកជំនន់ បញ្ចូនទៅមណ្ឌលសុខភាពស្រុក បានទាន់ពេលវេលា៕

បណ្ណាល័យព័ត៌មាន
សេវាពេញនិយម
សេវាថ្មីៗ
លេខអគ្គិភ័យ016 717 129
017 448 348
លេខសង្គ្រោះគ្រោះថ្នាក់ចរារចរណ៍015 836 969
077​ 747 496
លេខទទួលព័ត៌មាន(ប៉ូលីស)097 778 001 4
MONDULKIRI WEATHER
ព័ត៌មានជាប់ទាក់ទង

ភូមិដោះក្រមុំ សង្កាត់សុខដុម ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី

អ៊ីមែល : info@mondulkiri.gov.kh

លេខទូរស័ព្ទ : (+855) 71 888 75 75

© 2021

រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ រដ្ឋបាលខេត្តមណ្ឌលគិរី

កែប្រែចុងក្រោយ : 2 ខែមុន