រដ្ឋបាលខេត្តមណ្ឌលគិរី

Mondulkiri Administration
ស្វែងរក

ពិធីបិទផ្សាយទិន្នន័យជាសាធារណៈនូវឯកសារនៃការវិនិច្ឆ័យការចុះបញ្ជីដីធ្លី ចំនួនពីរសង្កាត់ ស្ថិតនៅក្រុងសែនមនោរម្យ

  • 890
  • ដោយ sonea

មណ្ឌលគិរីះ លោក ឈឹម កាន អភិបាលរងខេត្តមណ្ឌលគិរី បានអញ្ជើញជាអធិបតីក្នុងពិធីប្រជុំបិទផ្សាយទិន្នន័យជាសាធារណៈនូវឯកសារនៃការវិនិច្ឆ័យការចុះបញ្ជីដីធ្លីនៅភូមិស្វាយចេក សង្កាត់សុខដុម និងភូមិដើមស្រល់ សង្កាត់មនោរម្យ ស្ថិតនៅក្រុងសែនមនោរម្យ ដែលប្រព្រឹត្តទៅនៅមន្ទីររៀបចំដែនដីនគរូបនីយកម្មសំណង់ និងសុរិយោដីខេត្តមណ្ឌលគិរី នាព្រឹកថ្ងៃទី១២ ខែសីហា ឆ្នាំ២០១៩។
លោក ឈឹម កាន អភិបាលរងខេត្ត បានបញ្ជាក់ថា ដើម្បីពង្រឹងសុវត្ថិភាព នៃការកាន់កាប់ប្រើប្រាស់ដីធ្លីសមស្រប ទប់ស្កាត់ការកាប់ដីរដ្ឋខុសច្បាប់ និងកាត់បន្ថយទំនាស់ តាមយុទ្ធសាស្រ្តចតុកោណរបស់រាជរដ្ឋាភិបាលកម្ពុជា បានអនុវត្តការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ ដែលជាកម្មវិធីមួយមានការរួមចំណែកកាត់បន្ថយភាពក្រីក្រ និងកំពុងអនុវត្តនូវផែនការសំខាន់ៗ នៃគោលនយោបាយដីធ្លី ក្នុងការកែទម្រង់រដ្ឋបាលដីធ្លី។ លោក អភិបាលរងខេត្ត បន្ថែមថា ចំពោះការបិទផ្សាយជាសាធារណៈនាពេលនេះ ក៏សូមឱ្យបងប្អូនប្រជាពលរដ្ឋ ដែលជាម្ចាស់កាន់កាប់ដីធ្លីទាំងអស់ ត្រូវទៅផ្ទៀងផ្ទាត់ទិន្នន័យ ក្បាលដី ពិតជាត្រឹមត្រូវ ឫអត់ ប្រសិនបើមានកំហុសឆ្គងដោយប្រការណាមួយ ដូចជាខុសឈ្មោះ ថ្ងៃខែឆ្នាំកំណើត អាយុ ភេទ ទំហំ រូបរាងដី ទីតាំងក្បាលដី និងប្រភេទទ្រព្យជាដើមនោះ ម្ចាស់ដីត្រូវធ្វើការស្នើសុំកែតម្រូវក្នុងរយៈពេល១៥ថ្ងៃ
ប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តមណ្ឌលគិរី លោក ម៉ៅ ចំរើន បានឱ្យដឹងថា សម្រាប់ប្រជាពលរដ្ឋក្នុងភូមិទាំងពីរ គឺភូមិស្វាយចេក និងភូមិដើមស្រល់ ដែលមន្ទីរបិទផ្សាយជូនដល់ប្រជាពលរដ្ឋពិនិត្យផ្ទៀងផ្ទាត់ទិន្នន័យនាពេលនេះ មានក្បាលដីសរុបចំនួន៨១៣ក្បាលដី ទំហំផ្ទៃដីសរុបស្មើនឹង៦២៨,៨៥០.៥ ហិកតា (ជាង៦០០ហិកតា) ស្មើនឹង៥៤២គ្រួសារ។ លោក បន្ថែមថា ចំពោះការបិទផ្សាយជាសាធារណៈនូវឯកសារនៃការវិនិច្ឆ័យដែលមានរយៈពេល១៥ថ្ងៃ គិតចាប់ពីថ្ងៃទី១២ ខែសីហា ដល់ថ្ងៃទី២៦ ខែសីហា ឆ្នាំ២០១៩ គឺរាប់បញ្ចូលទាំងថ្ងៃឈប់សម្រាក ដើម្បីទទួលមកវិញនូវវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ (ប័ណ្ណកម្មសិទ្ធ) សម្រាប់ប្រជាពលរដ្ឋ អ្នកកាន់កាប់ណា ដែលបានបំពេញគ្រប់លក្ខខ័ណ្ឌច្បាប់៕

អត្ថបទទាក់ទង