រដ្ឋបាលខេត្តមណ្ឌលគិរី

Mondulkiri Administration
ស្វែងរក

អភិបាលខេត្តមណ្ឌលគិរី អញ្ជើញកាត់បើកហិបវិញ្ញាសារប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម្រាប់ឆ្នាំ២០១៨-២០១៩ នៅវិទ្យាល័យហ៊ុនសែនមណ្ឌលគិរី

  • 822
  • ដោយ sonea

មណ្ឌលគិរីៈ ឯកឧត្តម ស្វាយ សំអ៊ាង អភិបាលខេត្តមណ្ឌលគិរី និងលោក សាយ ម៉េងគីម អភិបាលរងខេត្ត រួមទាំងមន្រ្តីអនុរក្សជាច្រើនរូប បានអញ្ជើញកាត់បើកហិបវិញ្ញាសារប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិចំណេះដឹងទូទៅ សម្រាប់ឆ្នាំ២០១៨-២០១៩ នៅវិទ្យាល័យហ៊ុនសែនមណ្ឌលគិរី នាព្រឹកថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៩ ហើយថ្ងៃទី១ នៃការប្រឡងបាក់ឌុប គឺដំណើរការយ៉ាងរលូន និងអាកាសធាតុអំណោយផលយ៉ាងល្អប្រសើរ។

ក្នុងការចុះបើកវិញ្ញាសារប្រឡងនោះ ឯកឧត្តម អភិបាលខេត្តមណ្ឌលគិរី បានលើកទឹកចិត្តដល់ក្មួយៗដែលជាបេក្ខជន បេក្ខនារីទាំងអស់ ត្រូវខិតខំធ្វើឱ្យអស់លទ្ធភាព និងចូលរួមថែទាំសុខភាពឱ្យបានល្អ សម្រាកឱ្យបានគ្រប់គ្រាន់ និងជូនពរប្រឡងជាប់និទ្ទេសល្អៗទាំងអស់គ្នា។ ឯកឧត្តម បានបន្ថែមថា ការប្រឡងឆ្នាំនេះ ក៏មិនខុសប្លែកពីឆ្នាំមុនៗនោះដែរ គឺក្រសួងអប់រំ យុវជន និងកីឡា បានធ្វើការរឹតបន្តឹងដល់បេក្ខជន បេក្ខនារី ដើម្បីធ្វើយ៉ាងណាឱ្យវិស័យអប់រំនៅកម្ពុជា មានគុណភាព មានន័យថា (អ្នកចេះ គឺជាប់)។ ឯកឧត្តម បានបញ្ជាក់បន្ថែមថា ដើម្បីជាការលើកទឹកចិត្តដល់សិស្សានុសិស្សដែលប្រឡងបាក់ឌុបទាំងអស់ ដែលអាចប្រឡងយកនិទ្ទេសA ក្នុងឆ្នាំនេះ លោកឧកញ៉ា អ៊ឹង ស៊ីតាតវីវៈ ប្រធានកិត្តិយសសាខាកាកបាទក្រហមកម្ពុជាខេត្តមណ្ឌលគិរី នឹងឧបត្ថម្ភម៉ូតូថ្មីមួយគ្រឿង ទោះបីជាជាប់ប៉ុន្មាននាក់ក៏ដោយ។

តាមការបញ្ជាក់របស់លោក ទឹម សង្វាត ប្រធានមន្ទីរអប់រំយុវជន និងកីឡាខេត្ត បានឱ្យដឹងថា ចំពោះបេក្ខជនប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង ១៩ សីហានេះ មានបេក្ខជន បេក្ខនារីសរុបចំនួន៤០១នាក់ ស្រី២២១នាក់ ក្នុងនោះ មានពីរមណ្ឌលប្រឡង មណ្ឌលថ្នាក់វិទ្យាសាស្រ្តចំនួន២បន្ទប់ សិស្សសរុបចំនួន៤៣នាក់ ស្រី២៥នាក់ និងមណ្ឌលវិទ្យាសាស្រ្តសង្គមចំនួន១៥បន្ទប់ សិស្សសរុប៣៥៨នាក់ ស្រី ១៩៦នាក់ និងមានគ្រូអនុរក្សចំនួន៣៨នាក់ផងដែរ។ លោកប្រធានមន្ទីរ បញ្ជាក់ថា ការប្រឡងនេះមានការរៀបចំតឹងរឹងដូចរៀងរាល់ឆ្នាំ ពោលគឺមានគ្រូអនុរក្សចាំឆែកឆេរលើដងខ្លួនបេក្ខជនប្រឡង ២ដំណាក់កាល គឺមុនចូលបរិវេណមណ្ឌលប្រឡង និងមុនចូលបន្ទប់ប្រឡង ដោយរឹតបន្តឹងមិនឲ្យបេក្ខជនមានឱកាសបានយកសំណៅឯកសារ ព្រីយ៉ុង ឬម៉ាស៊ីនគិតលេខ ទូរស័ព្ទ ចូលក្នុងបន្ទប់ប្រលងបានទេ ដោយការប្រលងគឺបេក្ខជនត្រូវ បង្ហាញសមត្ថភាពពិតៗ ។

ក្នុងបរិវេនមណ្ឌលប្រឡង ត្រូវគេឃើញថាក្រុមសសយក បានរៀបចំកន្លែងផ្ញើម៉ូតូដោយមិនគិតថ្លៃ ពីបេក្ខជន ដើម្បីកាពារសុវត្ថភាពលើមធ្យោបាយផងដែរ។ ក្នុងបរិវេននោះថែមទៀត ក៏មាននគរបាល អាវុធហត្ថ ក្រុមគ្រូពេទ្យ ក៏ត្រូវមានវត្តមាន នៅទីនោះថែមទៀតផង។

សូមបញ្ជាប់ផងដែរថា សណ្ឋាគារ និង ផ្ទះសំណាក់ជាច្រើនបានចូលរួមជួយឧបត្ថម្ភបន្ទប់ស្នាក់នៅដល់បេក្ខជនដូចជា៖១.សណ្ឋាគារមណ្ឌលគិរី ចំនួន១០បន្ទប់  ២.សណ្ឋាគារអឿន សកុណា ចំនួន០៨បន្ទប់ ៣.សណ្ឋាគារពេជ្រទេវី ចំនួន០៣បន្ទប់ ៤.ផ្ទះសំណាក់រស្មីពេជ្រ ចំនួន១៤បន្ទប់ ៥.ម៉ូតែលពេជ្រគីរី ចំនួន១០បន្ទប់ និង ៦.ផ្ទះសំណាក់និងភោជនីយដ្ឋានពេជ្រដា ជួយអាហារពេលថ្ងៃដល់បេក្ខជនប្រឡងចំនួនពីរថ្ងៃ និងបន្ទប់ស្នាក់នៅចំនួន១០បន្ទប់   ម្ចាស់គ្រប់គ្រងសណ្ឋាគារ និងផ្ទះសំណាក់ទាំង០៦ខាងលើ ធ្លាប់បានផ្តល់កន្លែងការស្នាក់នៅដល់បេក្ខជនប្រឡង បានចំនួន០៤ឆ្នាំកន្លងមកហើយ  ដើម្បីជួយសម្រួលការលំបាកដល់បេក្ខជន បេក្ខនារី ទាំងអស់ ក្នុងការផ្សារភ្ជាប់ជាមួយកាងារសង្គម ព្រោះចំនួនសិស្សបានកើនឡើងពីមួយឆ្នាំទៅមួយឆ្នាំ អាចប្រឈមបញ្ហាស្នាក់នៅផងដែរ ៕

អត្ថបទទាក់ទង