រដ្ឋបាលខេត្តមណ្ឌលគិរី

Mondulkiri Administration
ស្វែងរក

អាជ្ញាធរខេត្តមណ្ឌលគិរីអញ្ជើញទៅចូលរួមគោរពវិញ្ញាណក្ខន្ធសព ឯកឧត្តម នាយឧត្តមសេនីយ៍ ស៊ើយ កែវ

  • 1.4ពាន់
  • ដោយ sonea

អាជ្ញាធរខេត្តមណ្ឌលគិរីអញ្ជើញទៅចូលរួមគោរពវិញ្ញាណក្ខន្ធសព ឯកឧត្តម នាយឧត្តមសេនីយ៍ ស៊ើយ កែវ សមាជិកព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា ដែលបានទទួលមរណភាពនាថ្ងៃទី១៦ខែសីហាកន្លងមកនេះ

ខេត្តមណ្ឌលគិរី៖នាព្រឹកថ្ងៃទី២០ខែសីហា ឆ្នាំ២០១៩ ឯកឧត្តម ម៉ែន ង៉ុយ ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម ស្វាយ សំអ៊ាង អភិបាល នៃគណៈអភិបាលខេត្ត ព្រមទាំងសមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត នាយករងរដ្ឋបាល  ប្រធាន អនុប្រធានមន្ទីរ អង្គភាពមួយចំនួន បានអញ្ជើញទៅខេត្តរតនគិរី ដើម្បីចូលគោរពវិញ្ញាណក្ខន្ធសព ឯកឧត្តម នាយឧត្តមសេនីយ៍ ស៊ើយ កែវ សមាជិកព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា នៅគេហដ្ឋាននៃសព ស្ថិតនៅភូមិទេសអន្លង់ សង្កាត់បឹងកន្សែង ក្រុងបានលុង ខេត្តរតនគិរី។

ក្នុងនាមតំណាងឲ្យក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធទូទាំងខេត្តមណ្ឌលគិរី ឯកឧត្តម ស្វាយ សំអ៊ាង អភិបាលខេត្ត បានសម្តែងនូវសេចក្តីសោកស្តាយក្តុកក្តួលឥតឧបមា ប្រកបដោយសមានទុក្ខដ៏ក្រៀមក្រំជាទីបំផុត ជាមួយ ឯកឧត្តមនាយឧត្តមសេនីយ៍ ស៊ើយ កែវ សមាជិកព្រឹទ្ធសភា នៃព្រះរាណាចក្រកម្ពុជា។

ឯកឧត្កមអភិបាលខេត្តមណ្ឌលគិរី គូសបញ្ជាក់ថា មរណភាពរបស់ឯកឧត្តមនាយឧត្តមសេនីយ៍ គឺជាការបាត់បង់នូវស្វាមី បិតាបង្កើត បិតាក្មេក ជីតាជាទីគោរពស្រលាញ់ដ៏ជ្រាលជ្រៅ និងប្រកបដោយព្រហ្មវិហារធម៌ ដែលកន្លងមក ឯកឧត្តម តែងតែយកអស់កម្លាំងកាយចិត្ត ប្រាជ្ញា ស្មារតី កសាងគ្រួសារ ចិញ្ចឹមបីបាច់ ថែរក្សា និងអប់រំទូន្មានបុត្រធីតា ចៅៗ ប្រកបដោយគន្លងធម៌ រហូតក្លាយជាបញ្ញវន្ត ជាថ្នាក់ដឹកនាំល្អក្នុងស្ថាប័ន អង្គភាព និងជាពលរដ្ឋល្អក្នុងសង្គមជាតិ។ 

ព្រមជាមួយគ្នានេះក៏ជាការបាត់បង់នូវវីរយុទ្ធជនដ៏សំខាន់មួយរូប ដែលធ្លាប់បានបូជាសាច់ស្រស់ ឈាមស្រស់ ដើម្បីបុព្វហេតុជាតិ មាតុភូមិ ចូលរួមក្នុងចលនារំដោះជាតិពីរបបប្រល័យពូជសាន៍ជាមួយថ្នាក់ដឹកនាំកំពូលនៃកម្ពុជា ជាពិសេសចូលរួមយ៉ាងសកម្មជាមួយស្ថាប័ននីតិប្បញ្ញត្តិ ក្នុងការកសាងច្បាប់នៃព្រះរាជាណាចក្រកម្ពុជា ឱ្យក្លាយជានីតិរដ្ឋពេញលេញ។

ក្នុងឱកាសដ៏សែនក្តុកក្តួលនេះ ឯកឧត្តមសូមចូលរួមរំលែកនូវមរណៈទុក្ខដ៏ក្រៀមក្រំជាទីបំផុតជាមួយលោកជំទាវ ព្រមទាំងក្រុមគ្រួសារ ញាតិមិត្តជិតឆ្ងាយទាំងអស់នៃសព និងសូមឧទ្ទិសបួងសួងដល់ដួងវិញ្ញាណក្ខន្ធរបស់ ឯកឧត្តមនាយឧត្តមសេនីយ៍ សូមបានសោយសុខក្នុងសុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។

សូមបញ្ជាក់ថា សពនាយឧត្តមសេនីយ៍ស៊ើយ កែវ ពេលនេះ ត្រូវបានតម្កល់ធ្វើបុណ្យទក្ខិណានុប្បទានតាមប្រពៃណី សាសនា និងទំនៀមទម្លាប់ របស់ជនជាតិភាគតិច នៅគេហដ្ឋានលេខ១១៨ ភូមិទេសអន្លង់ សង្កាត់បឹងកន្សែង ក្រុងបានលុង ខេត្តរតនគិរី៕

អត្ថបទទាក់ទង