រដ្ឋបាលខេត្តមណ្ឌលគិរី

Mondulkiri Administration
ស្វែងរក

អភិបាលខេត្តមណ្ឌលគិរី ចុះត្រួតពិនិត្យមើលស្ថានភាពទឹកភ្លៀង និងការបង្កបង្កើនផលដំណាំស្រូវ រួមទាំងបញ្ហាហេដ្ឋារចនាសម្ព័ន្ធនានា ក្នុងស្រុកកោះញែក ដែលរងនូវផលប៉ះពាល់ដោយជំនន់ទឹកភ្លៀងកន្លងមក

  • 559
  • ដោយ Admin

មណ្ឌលគិរី៖ ឯកឧត្តម ស្វាយ សំអ៊ាង អភិបាលខេត្តមណ្ឌលគិរី អមដំណើរដោយលោកឧត្តមសេនីយ៍ទោ ឡោ សុខា ស្នងការនគរបាលខេត្ត រួមទាំងមន្ត្រីជំនាញពាក់ព័ន្ធ បានចុះត្រួតពិនិត្យមើលស្ថានភាពទឹកភ្លៀង និងពិនិត្យមើលស្ថានភាពបង្កបង្កើនផលដំណាំស្រូវ របស់ប្រជាពលរដ្ឋ រួមទាំងបញ្ហាហេដ្ឋារចនាសម្ព័ន្ធនានា នៅក្នុងស្រុកកោះញែក ដែលរងនូវផលប៉ះពាល់ដោយជំនន់ទឹកភ្លៀងកន្លងមក ការចុះពិនិត្យស្ថានភាពជាក់ស្តែងនេះ បានធ្វើឡើងនៅថ្ងៃទី៣១ ខែសីហា ឆ្នាំ២០១៩។ 
ឯកឧត្តម អភិបាលខេត្ត បានបញ្ជាក់ថា ដោយកន្លងមក ខេត្តមណ្ឌលគិរី ក៏ទទួលរងនូវជំនន់ទឹកភ្លៀងដែលធ្វើឱ្យប៉ះពាល់ដល់បញ្ហាហេដ្ឋារចនាសម្ព័ន្ធ និងផលដំណាំរបស់ប្រជាពលរដ្ឋមួយចំនួន ហើយការចុះពិនិត្យមើលស្ថានភាពជាក់ស្តែងនាពេលនេះ ឃើញថានៅទំនប់អូរណម គឺមានការហូរច្រោះ និងមានការបាក់ស្រុតដី ព្រោះទំនប់អូរណមនេះ មានប្រជាពលរដ្ឋចំនួនបីឃុំ គឺឃុំសុខសាន្ត ឃុំអរបួនលើ និងឃុំស្រែសង្គម ក្នុងស្រុកកោះញែក ។ ហើយចំពោះបញ្ហានេះ ឯកឧត្តម អភិបាលខេត្ត ណែនាំដល់មន្រ្តីជំនាញ ត្រូវចុះពិនិត្យ និងធ្វើការកែលម្អឡើងវិញ ដើម្បីឱ្យទប់ទំនប់នេះ អាចស្តុបទឹកបានសម្រាប់បងប្អូនប្រជាពលរដ្ឋប្រើប្រាស់ រីឯបញ្ហាការបង្កបង្កើនផលដំណាំស្រូវ មានប្រជាពលរដ្ឋប្រមាណជា៩០% មិនទាន់មានរងការប៉ះពាល់ផលនោះទេ។ ឯកឧត្តម បញ្ជាក់បន្ថែមថា ក្នុងស្រុកកោះញែក ដែលរងផលប៉ះពាល់ដោយជំនន់ទឹកភ្លៀង គឺហេដ្ឋារចនាសម្ព័ន្ធ មានដូចជា ផ្លូវទៅឃុំណង់ឃិលឹក មានការខូចខាតក្បាលស្ពាន លូ និងផ្លូវមួយចំនួន ដែលជាហេតុធ្វើឲ្យប៉ះពាល់ដល់ការធ្វើចរាចរណ៍របស់បងប្អូនប្រជាពលរដ្ឋ ហើយឯកឧត្តម ក៏បានណែនាំដល់មន្រ្តីជំនាញ ត្រូវដើម្បីធ្វើការកែលម្អ និងជួសជុលឡើងវិញ ជូនដល់ប្រជាពលរដ្ឋផងដែរ។ 
បន្ទាប់មក ឯកឧត្តម ស្វាយ សំអ៊ាង អភិបាលខេត្ត ក៏បានចុះពិនិត្យស្ពានអូរច្បា ១កន្លែង ប្រវែង៧៥ម៉ែត្រ ទទឹង៨ម៉ែត្រ ដែលជាអំណោយរបស់រាជរដ្ឋាភិបាលកម្ពុជា គំរោង ក្រសួងអភិវឌ្ឍន៍ជនបទ សាងសង់ឡើងដោយ បញ្ជាការដ្ឋាន វិស្វកម្មអគ្គបញ្ជាការនៃកងយុទ្ធពលខេមរៈភូមិន្ទ ស្ថិតនៅភូមិទួល ឃុំសុខសាន្ត ស្រុកកោះញែក។ ឯកឧត្តម បន្ថែមថា ការសាងសង់ស្ពានអូរច្បានេះ គឺជាត្រូវការចាំបាច់របស់ប្រជាពលរដ្ឋទាំងបីឃុំ គឺឃុំអរបួនលើ ឃុំសុខសាន្ត និងឃុំស្រែសង្គម ក្នុងស្រុកកោះញែក ដើម្បីងាយស្រួលធ្វើចរាចរណ៍ទៅមក ហើយការស្ថាបនាស្ពានអូរច្បា រហូតមកដល់ពេលនេះបាន៩០%ហើយ។ 
ប្រជាពលរដ្ឋនៅខេត្តមណ្ឌលគិរី ជាពិសេស ប្រជាពលរដ្ឋដែលរស់នៅស្រុកកោះញែក បានថ្លែងអំណរសាទរចំពោះរាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំដោយសម្តេច អគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា រួមទាំងក្រសួងពាក់ព័ន្ធទាំងអស់ ដែលបានយកចិត្តទុកដាក់គិតគូរ សាងសង់ស្ពានដែលមានលក្ខណៈស្តង់ដានាពេលនេះ ដើម្បីបង្កលក្ខណៈងាយស្រួលដល់ប្រជាពលរដ្ឋធ្វើចរាចរណ៍ទៅមកមានលក្ខណៈងាយស្រួល។
នាឱកាសនោះដែរ ឯកឧត្តម ស្វាយ សំអ៊ាង អភិបាលខេត្ត បាននាំយកគ្រឿងឧបភោគបរិភោគ និងថវិកា១លានរៀល ផ្តល់ជូនក្រុមការងារកងវិស្វកម្ម និងបានឧបត្ថម្ភដល់ប៉ុស្តិ៍រដ្ឋបាលឃុំអរបួនលើ និងប៉ុស្តិ៍រដ្ឋបាលឃុំសុខសាន្ត ក្នុងមួយប៉ុស្តិ៍ ទទួលបានគ្រឿងឧបភោគបរិភោគ និងថវិកា៥០ម៉ឺនរៀលផងដែរ៕

អត្ថបទទាក់ទង