រដ្ឋបាលខេត្តមណ្ឌលគិរី

Mondulkiri Administration
ស្វែងរក

ពលរដ្ឋចំនួន៨០គ្រួសារ ងាយរងគ្រោះ និងរងគ្រោះដោយជំនន់ទឹកភ្លៀង ទទួលអំណោយមនុស្សធម៌ពីកាកបាទក្រហមកម្ពុជាខេត្តមណ្ឌលគិរី

  • 694
  • ដោយ Admin

មណ្ឌលគិរី៖ ដើម្បីឆ្លើយតបទៅនឹងតម្រូវការរបស់ប្រជាពលរដ្ឋដែលរងគ្រោះដោយធម្មជាតិ នាព្រឹកថ្ងៃទី០១ ខែកញ្ញានេះ ឯកឧត្តម ស្វាយ សំអ៊ាង ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត អមដំណើរដោយលោក លោកស្រី សមាជិកនៃគណៈកម្មាធិការសាខា អនុសាខាស្រុក បានអញ្ជើញចុះជួបសំណេះសំណាលសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ ផ្តល់ជូនប្រជាពលរដ្ឋងាយរងគ្រោះ និងរងគ្រោះដោយជំនន់ទឹកភ្លៀង នៅឃុំចំនួនពីរ ក្នុងស្រុកកែវសីមា ខេត្តមណ្ឌលគិរី។
ឯកឧត្តម ស្វាយ សំអ៊ាង មានប្រសាសន៍ថា សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលតែងតែគិតគូរសុខទុក្ខដល់ប្រជាពលរដ្ឋដែលជាជនងាយរងគ្រោះ និងរងគ្រោះដោយគ្រោះមហន្តរាយផ្សេងៗ ដោយមិនប្រកាន់និន្នាការនយោបាយអ្វីឡើយ។ ឯកឧត្តម បានផ្តាំផ្ញើដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ សូមយកចិត្តទុកដាក់ទៅលើបញ្ហាសុខភាព ដោយរក្សាអនាម័យ ពិសារទឹកឆ្អិន និងគេងក្នុងមុខជានិច្ច ចៀសវាងកើតជំងឺគ្រុនឈាម-គ្រុនចាញ់ ជំងឺរាករួស និងជំងឺតម្កាត់ផ្សេងៗទៀត។ ឯកឧត្តម ណែនាំដល់ប្រជាពលរដ្ឋ ត្រូវខិតខំបង្កបង្កើនផលដំណាំរួមផ្សំផ្សេងៗ និងចិញ្ចឹមសត្វបន្ងែមទៀត ហើយក៏សូមឲ្យមន្រ្តីជំនាញ និងអាជ្ញាធរមូលដ្ឋានទាំងអស់ ត្រូវសហការគ្នា យកចិត្តទុកដាក់ជួសជុលលើបញ្ហាហេដ្ឋារចនាសម្ព័ន្ធនានា ដើម្បីធ្វើយ៉ាងណាជួយសម្រួលការធ្វើដំណើរទៅមកមានលក្ខណៈងាយស្រួល។
ឯកឧត្តម បន្ថែមថា ចំពោះអំណោយមនុស្សធម៌ ចែកជូនដល់ពលរដ្ឋងាយរងគ្រោះ និងរងគ្រោះដោយជំនន់ទឹកភ្លៀងនាពេលនេះ ក្នុងការជួយសម្រាលនូវការខ្វះខាតមួយរយៈពេលខ្លី ដើម្បីឲ្យពួកគាត់មានលទ្ធភាពប្រកបមុខរបបផ្សេងៗ។
នាឱកាសនោះដែរ ឯកឧត្តម ស្វាយ សំអ៊ាង បាននាំយកអំណោយកាកបាទក្រហមកម្ពុជា ចែកជូនដល់ប្រជាពលរដ្ឋងាយរងគ្រោះ និងរងគ្រោះដោយជំនន់ទឹកភ្លៀងចំនួន៨០គ្រួសារ នៅក្នុងឃុំចំនួនពីរ គឺឃុំស្រែព្រះ និងឃុំស្រែខ្ទុម ស្រុកកែវសីមា ក្នុងមួយគ្រួសារ ទទួលបានគ្រឿងឧបភោគបរិភោគ និងថវិកាមួយចំនួនផងដែរ៕

អត្ថបទទាក់ទង