រដ្ឋបាលខេត្តមណ្ឌលគិរី

Mondulkiri Administration
ស្វែងរក

កិច្ចប្រជុំពិភាក្សាលើការអនុវត្តការងារជីកគាស់ រុករក អដ្ឋិធាតុកងទ័ពស្ម័គ្រចិត្ត វៀតណាម ក្នុងខេត្តមណ្ឌលគិរី សម្រាប់រដូវប្រាំង២០១៩-២០២០

  • 552
  • ដោយ sonea

មណ្ឌលគិរីះ គណៈកម្មការជំនាញខេត្តមណ្ឌលគិរី (កម្ពុជា) និងខេត្តដាក់ឡាក់ (វៀតណាម) ជួបប្រជុំពិភាក្សាលើការអនុវត្តការងារជីកគាស់ រុករក អដ្ឋិធាតុកងទ័ពស្ម័គ្រចិត្ត និងជំនាញការវៀតណាម ដែលពលី ក្នុងសម័យសង្រ្គាម នៅភូមិសាស្រ្តខេត្តមណ្ឌលគិរី សម្រាប់រដូវប្រាំង២០១៩-២០២០ ក្រោមវត្តមានលោកស្រី វិន ស៊ីធួន អភិបាលរងខេត្តមណ្ឌលគិរី និងលោកស្រី ហឺយីម កាដត អនុប្រធានគណៈកម្មាធិការ ប្រជាជនខេត្តឡាក់ និងជាប្រធានគណៈកម្មការជំនាញខេត្តដាក់ឡាក់ ព្រមទាំងមានការចូលរួមពីសំណាក់លោក លោកស្រី ប្រធាន អនុប្រធានមន្ទីរអង្គភាពពាក់ព័ន្ធ កងកម្លាំងប្រដាប់អាវុធទាំងបី អភិបាលក្រុង/ស្រុកទាំង០៥ និងសមាជិក សមាជិកា នៃ គណៈកម្មការជំនាញក្រុមK51ជាច្រើនរូប ដែលប្រព្រឹត្តទៅនៅសាលប្រជុំសាលាខេត្ត នាព្រឹកថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៩។លោកស្រី វិន ស៊ីធួន អភិបាលរងខេត្ត បានសំដែងនូវការស្វាគមន៍ ចំពោះវត្តមានប្រតិភូ នៃគណៈកម្មការ ជំនាញខេត្តដាក់ឡាក់ បានជួបប្រជុំដើម្បីពិភាក្សាលើការងារបន្តរៀបចំផែនការក្នុងការអនុវត្តកម្មវិធីកិច្ចសហប្រតិបត្តិការលើការងារជីកគាស់ រុករក និងធ្វើមាតុភូមិនិវត្តន៍ អដ្ឋិធាតុកង ទ័ពស្ម័គ្រចិត្ត និងជំនាញការវៀតណាម ដែលបាន ពលីកាលពីសម័យសង្គ្រាម នៅក្នុងទឹកដីខេត្តមណ្ឌលគិរី នៃព្រះរាជាណាចក្រកម្ពុជា សម្រាប់ រដូវប្រាំង ឆ្នាំ២០១៩-២០២០ ខាងមុខនេះ។
ក្នុងកិច្ចប្រជុំនោះដែរ ភាគីទាំងពីរ មណ្ឌលគិរី-ដាក់ឡាក់ បានឯកភាពលើផែនការសិក្សា ស្វែងរុករក និងធ្វើមាតុភូមិនិវត្តន៍អដ្ឋិធាតុកងទ័ពស្ម័គ្រចិត្ត និងជំនាញការវៀតណាម ដែលពលីកាលពីសម័យសង្គ្រាមនៅកម្ពុជា នៅរដូវប្រាំងឆ្នាំ២០១៩-២០២០ - កម្លាំង នៃក្រុមការងារជំនាញ K51 នៃខេត្តដាក់ឡាក់ ចុះអនុវត្តការងារសរុបចំនួន ៦៤នាក់។ - ក្រុមការងារ K51 មកបំពេញភារកិច្ច នៅថ្ងៃទី១៤ ខែតុលា ឆ្នាំ២០១៩ មកអនុវត្តការងារចាប់ពីថ្ងៃទី១៤ ខែតុលា ឆ្នាំ២០១៩ រហូតដល់ចុងខែឧសភា ឆ្នាំ២០២០។ - ទីតាំងសិក្សា ជីកគាស់ និងស្វែងរុករកអដ្ឋិធាតុ ត្រូវអនុវត្តនៅក្រុង/ស្រុកទាំង៥ ក្នុងខេត្តមណ្ឌលគិរី។ - ទីតាំងបោះជំរុំរបស់ក្រុមការងារ K51 ខេត្តដាក់ឡាក់ ត្រូវដាក់នៅក្នុងទីបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងខេត្តមណ្ឌលគិរី។
លោកស្រី វិន ស៊ីធួន អភិបាលរងខេត្ត បានសំណូមពរដល់ក្រុមការងារជំនាញK51ដែលត្រូវបំពេញភារកិច្ច ជីកគាស់ រុករកអដ្ឋិធាតុ ក្នុងភូមិសាស្រ្តខេត្តមណ្ឌលគិរី ត្រូវគោរពតាមច្បាប់របស់ព្រះរាជាណាចក្រកម្ពុជា គោរពទំនៀមទំលាប់ ប្រពៃណីរបស់ប្រជាជន ជាពិសេស បងប្អូនជនជាតិដើមភាគតិច។ ម្យ៉ាងទៀត ក៏បានណែនាំអាជ្ញាធរដែនដី និងសមត្ថកិច្ចពាក់ព័ន្ធទាំងអស់ ត្រូវចូលរួមសហការ និងបង្ករលក្ខណៈងាយស្រួល ដល់ក្រុមការងារគណៈកម្មការជំនាញខេត្តដាក់ឡាក់ ក្នុងការអនុវត្តការងារឲ្យបានល្អ៕

អត្ថបទទាក់ទង