រដ្ឋបាលខេត្តមណ្ឌលគិរី

Mondulkiri Administration
ស្វែងរក

ថ្នាក់ដឹកនាំខេត្តមណ្ឌលគិរី អញ្ជើញចូលរួមជាមួយពុទ្ធបរិស័ទ ក្នុងពិធីបុណ្យកាន់បិណ្ឌវេនទី១ នៅវត្តសែនមនោរម្យ និងវត្តព្រះពុទ្ធមណ្ឌលគិរី

  • 773
  • ដោយ sonea

មណ្ឌលគិរីះ ការប្រារព្ធពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ គឺជាពិធីបុណ្យជាតិមួយ ដែលប្រជាពលរដ្ឋទូទៅ តែងតែធ្វើឡើងជារៀងរាល់ឆ្នាំ។ ជាក់ស្តែង នាព្រឹកថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១៩ ឯកឧត្តម ស្វាយ សំអ៊ាង អភិបាល នៃគណៈអភិបាលខេត្តមណ្ឌលគិរី និងលោកជំទាវ និង ឯកឧត្តម ម៉ែន ង៉ុយ ប្រធានក្រុមប្រឹក្សាខេត្ត រួមទាំងមន្ទីរអង្គភាពជុំវិញខេត្ត និងពុទ្ធបរិស័ទ បានអញ្ជើញចូលរួមពិធីបុណ្យកាន់បិណ្ឌវេនទី១ និងនាំយកទេយ្យវត្ថុ និងគ្រឿងឧបភោគបរិភោគ និងបច្ច័យចំនួន ប្រគេនព្រះសង្ឃដែលរងចាំព្រះវស្សា នៅវត្តសែនមនោរម្យ និងវត្តព្រះពុទ្ធមណ្ឌលគិរី ស្ថិតនៅក្រុងសែនមនោរម្យ។
ក្នុងពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ គឺជាពិធីបុណ្យមួយដែល មន្រ្តីរាជការ និងប្រជាពលរដ្ឋទូទាំងប្រទេស តែងតែប្រារព្ធឡើងជារៀងរាល់ឆ្នាំ និងជាឱកាសមួយដែលបងប្អូនប្រជាពលរដ្ឋខែ្មរ បានជួបជុំសាច់ញាតិសន្ដានទាំងអស់ ទោះនៅទីជិត ឬទីឆ្ងាយ តែងតែធ្វើដំណើរទៅជួបជុំគ្នា ជាពិសេស ឪពុក ម្ដាយនៅស្រុកកណើត ដើម្បីរៀបចំម្ហូបអាហារ បាយសម្ល ទេយ្យវត្ថុ និងគ្រឿងឧបភោគបរិភោគ ទៅប្រគេនដល់ព្រះសង្ឈ ទៅតាមគន្លងប្រពៃណី ព្រះពុទ្ធសាសនា និងទំនៀមទំលាប់ខ្មែរពីបុរាណ ដើម្បីឧទ្ទិសមគ្គផល និងកុសល្យផលបុណ្យជូនដល់ដួងវិញ្ញាណក្ខន្ធ បុព្វការីជនមាន មាតា បិតា ជីដូនជីតា និងញាតិកាទាំង៧សន្តាន ព្រមទាំងវីរៈយុទ្ធជន យុទ្ធនារី អ្នកស្នេហាជាតិទាំងអស់ ដែលបានធ្វើមរណកាលទៅកាន់លោកខាងមុខ ក្នុងបុព្វហេតុជាតិទឹកដី សូមឲ្យទទួលបាននូវសុខគតិភពកុំបីឃ្លៀងឃ្លាតឡើយ។ នាឱកាសនោះ ឯកឧត្តម ស្វាយ សំអ៊ាង អភិបាលខេត្ត បានមានប្រសាសន៍ថា ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានធ្វើឱ្យប្រទេសជាតិមានសុខសន្តិភាព និងមានការរីកចម្រើនលើគ្រប់វិស័យ។ ឯកឧត្តម បញ្ជាក់ថា វិស័យព្រះពុទ្ធសាសនា ជាសាសនា របស់រដ្ឋ ដែលប្រជាពលរដ្ឋទូទៅតែងតែ គោរពទៅតាមប្រពៃណីទំនៀមទំលាប់ប្រពៃណីខ្មែរ និងនៅតាមទីវត្តអារាមនានា ហើយក៏សូមឱ្យអាជ្ញាធរ និងសមត្ថកិច្ចទាំងអស់ ត្រូវការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ នៅតាមទីវត្តអារាម និងរមណីយដ្ឋាននានា ដើម្បីធ្វើយ៉ាងណា បង្កលក្ខណៈងាយស្រួលដល់ប្រជាពលរដ្ឋ និងពុទ្ធបរិស័ទ ក្នុងការធ្វើបុណ្យទាននេះផងដែរ។
ពិធីបុណ្យកាន់បិណ្ឌវេនទី១នេះដែរ ថ្នាក់ដឹកនាំខេត្តមណ្ឌលគិរី ក៏បានបួងសួងដល់វត្ថុស័កសិទ្ធលើលោក តាមថែរក្សាថ្នាក់ដឹកនាំខេត្ត មន្រ្តីរាជការ និងប្រជាជនកម្ពុជា អោយបានសេចក្តីសុខ សេចក្តីចំរើន ហើយង្នាក់ដឹកនាំខេត្ត និងមន្រ្តីរាជការ បានប្រគេនចង្ហាន់ ទេយ្យទាន គ្រឿងឧបភោគបរិភោគ និងប្រគេនបច្ច័យមួយចំនួនដល់ព្រះសង្ឃ ព្រមទាំងផ្តល់ថវិកាជូនយាយជី តាជី ទាំងពីរវត្តផងដែរ។
សូមបញ្ជាក់ថា ពិធីបុណ្យកាន់បិណ្ឌមានរយៈ១៥ថ្ងៃ ចាប់ពីថ្ងៃទី១៤ ខែកញ្ញា ត្រូវនឹងថ្ងៃសៅរ៍ ១រោច ខែភទ្របទ រហូតដល់ថ្ងៃទី២៨ ខែ កញ្ញា ឆ្នាំ២០១៩ ត្រូវនឹងថ្ងៃ សៅរ៍ ១៥រោច ខែភទ្របទឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ គឺជាថ្ងៃភ្ជុំបិណ្ឌធំ ដែលប្រជាពលរដ្ឋខ្មែរ អ្នកកាន់ព្រះពុទ្ធសាសនា តែងតែអញ្ជើញប្រារព្ធពិធីបុណ្យកាន់បិណ្ឌទៅតាមទំនៀមទម្លាប់ប្រពៃណីខ្មែរ នៅតាមទីអារាមនានារៀងៗខ្លួន។

អត្ថបទទាក់ទង