រដ្ឋបាលខេត្តមណ្ឌលគិរី

Mondulkiri Administration
ស្វែងរក

ពិធីបើកមហាសន្និបាតអាណត្តិទី៣ របស់សមាគមក្រុមប្រឹក្សា ក្រុង ស្រុក ឃុំ សង្កាត់នៅខេត្តមណ្ឌលគិរី

  • 612
  • ដោយ sonea

មណ្ឌលគិរីះ ឯកឧត្តម ម៉ែន ង៉ុយ ប្រធានក្រុមប្រឹក្សាខេត្តមណ្ឌលគិរី ឯកឧត្តម ស្វាយ សំអ៊ាង អភិបាលខេត្ត ឯកឧត្តម សយ កុសល ប្រធានសម្ព័ន្ធភាពជាតិក្រុមប្រឹក្សាថ្នាក់មូលដ្ឋាន បានអញ្ជើញជាអធិបតី ក្នុងពិធីបើកមហាសន្និបាតអាណត្តិទី៣ របស់សមាគមក្រុមប្រឹក្សា ក្រុង ស្រុក ឃុំ សង្កាត់នៅខេត្តមណ្ឌលគិរី ដោយមានការចូលរួមពីលោក លោកស្រី ប្រធានមន្ទីរអង្គភាពពាក់ព័ន្ធ ក្រុមប្រឹក្សាក្រុង/ស្រុក/ឃុំ/សង្កាត់ នៅទូទៅខេត្ត និងអង្គការដៃគូនានា ដែលប្រព្រឹត្តទៅនៅអគារក្រុមប្រឹក្សាខេត្ត នាព្រឹកថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០១៩។
ឯកឧត្តម ស្វាយ សំអ៊ាង អភិបាលខេត្ត និងឯកឧត្តម សយ កុសល ប្រធានសម្ព័ន្ធភាពជាតិក្រុមប្រឹក្សាថ្នាក់មូលដ្ឋាន បានថ្លែងនូវការកោតសរសើរចំពោះសមិទ្ធផលដែលសម្រេចបានកន្លងមក របស់ក្រុមប្រឹក្សាក្រុង/ស្រុក/ឃុំ/សង្កាត់ទាំងអស់ ហើយការរៀបចំសន្និបាតនាពេលនេះ គឺធ្វើឡើងរៀងរាល់៥ឆ្នាំម្តង នៅប្រទេសកម្ពុជា ដែលមានប្រធាន និងអនុប្រធានសមាគម មានភារកិច្ចចាត់ចែង និងពិចារណាការងារដែលជាផលប្រយោជន៍របស់សមាគម និងដោះស្រាយបញ្ហានានា។ ឯកឧត្តម បានជំរុញដល់ សមាគមមូលដ្ឋាន និងក្រុមប្រឹក្សាក្រុង/ស្រុក/ឃុំ/សង្កាត់ ត្រូវយកចិត្តទុកដាក់ពង្រឹងស្ថាប័នឱ្យកាន់តែរ៉ឹងមាំ និងឱ្យក្លាយជាអ្នកផ្តល់សេវាប្រកដដោយប្រជាធិបតេយ្យនៅក្នុងមូលដ្ឋានពិតប្រាកដ ត្រូវពង្រឹងចីរភាពហិរញ្ញវត្ថុ ត្រូវពង្រឹងការកសាងសមត្ថភាពក្រុមប្រឹក្សា ដើម្បីធ្វើយ៉ាងណា ឱ្យការបម្រើសេវាសាធារណៈប្រកបដោយគុណភាព។
ឯកឧត្ដម ម៉ែន ង៉ុយ ប្រធានក្រុមប្រឹក្សាខេត្ត បានឱ្យដឹងថា ការរៀបចំបើកមហាសន្និបាតអាណត្តិទី៣ របស់សមាគមន៍ក្រុមប្រឹក្សា ក្រុង/ស្រុក/ឃុំ/សង្កាត់ខេត្តមណ្ឌលគិរី គឺជាឪកាសដែលសមាគមក្រុមប្រឹក្សា បានបង្ហាញនូវសមិទ្ធផលដែលសម្រេចបានក្នុងការលើកកំពស់សមត្ថភាព និងការពារផលប្រយោជន៍ស្របច្បាប់របស់ក្រុមប្រឹក្សាក្រុង/ស្រុក/ឃុំ/សង្កាត់ បន្ទាប់ពីបង្កើតឡើងអស់រយៈពេលជាង៥ឆ្នាំ តាមរយៈមហាសន្និបាតលើកទី១ ពង្រីកសមាគមន៍ក្រុមប្រឹក្សា ក្រុង/ស្រុក/ឃុំ/សង្កាត់ នាថ្ងៃទី២៥-២៦ ខែមេសា ឆ្នាំ២០១៤។ ឯកឧត្ដម ប្រធានក្រុមប្រឹក្សាខេត្ត បញ្ជាក់ថា នៅក្នុងអាណត្តិទី៥ នៃរដ្ឋសភា រាជរដ្ឋាភិបាលបន្តផ្ដល់អាទិភាពដល់ការអនុវត្តកំណែរទម្រង់នេះ កាន់តែស៊ីជម្រៅដោយផ្ដោតទៅលើកិច្ចការសំខាន់ៗចំនួន៥ រួមមាន៖ ១.ពង្រឹងការគ្រប់គ្រងកិច្ចដំណើរការកំណែទម្រង់ ២.ពង្រឹងគណនេយ្យភាពតាមបែបប្រជាធិបតេយ្យ ៣. ពង្រឹងការគ្រប់គ្រង និងអភិវឌ្ឍន៍ធនធានមនុស្ស ៤. ពង្រឹងការផ្ដល់សេវាកម្មសាធារណៈ និងការផ្ទេរមុខងាររបស់រដ្ឋបាលថ្នាក់ក្រោមជាតិ និងទី៥. ពង្រឹងវិមជ្ឈការហិរញ្ញវិត្ថុ។ ឯកឧត្តម ម៉ែន ង៉ុយ បានណែនាំដល់ក្រុមប្រឹក្សាក្រុង/ស្រុក/ឃុំ/សង្កាត់ ត្រូវយកចិត្តទុកដាក់ស្តាប់ និងចូលរួមពិភាក្សាអនុម័តលក្ខន្តិកៈ ក្នុងគោលបំណងបង្កើនការយល់ដឹងឱ្យកាន់តែស៊ីជម្រៅអំពីតួនាទី ភារកិច្ច និងដំណើរការរបស់សមាគម ក្នុងការការពារផលប្រយោជន៍របស់ក្រុមប្រឹក្សាក្រុង/ស្រុក/ឃុំ/សង្កាត/នៅក្នុងខេត្តមណ្ឌលគិរី៕

អត្ថបទទាក់ទង