រដ្ឋបាលខេត្តមណ្ឌលគិរី

Mondulkiri Administration
ស្វែងរក

ពិធីបិទវគ្គបណ្តុះបណ្តាលស្តីពីការប្រើប្រាស់ ថែទាំ និងគ្រប់គ្រងអាវុធប្រភេទ CKC ដល់មន្រ្តីឧទ្យានុរក្សនៃមន្ទីរបរិស្ថានខេត្តមណ្ឌលគិរី

  • 756
  • ដោយ sonea


មណ្ឌលគិរី៖ ឯកឧត្តម រ័ត្ន វិរៈ អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន និងឯកឧត្តម ស្វាយ សំអ៊ាង អភិបាល នៃគណៈអភិបាលខេត្តមណ្ឌលគិរី បានអញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គបណ្តុះបណ្តាលស្តីពីការប្រើប្រាស់ ថែទាំ និងគ្រប់គ្រងអាវុធប្រភេទ CKC ដល់មន្រ្តីឧទ្យានុរក្សនៃមន្ទីរបរិស្ថានខេត្តមណ្ឌលគិរី ដោយមានការចូលរួមពីសំណាក់លោកមេបញ្ជាការតំបន់ប្រតិបត្តិការសឹករងមណ្ឌលគិរី លោកស្នងការរងនគរបាលខេត្ត មន្ទីរអង្គភាពពាក់ព័ន្ធ និងមន្រ្តីឧទ្យានុរក្សនៃមន្ទីរបរិស្ថានខេត្តមណ្ឌលគិរី សរុបជាង១០០នាក់ ដែលប្រព្រឹត្តទៅនៅតំបន់ប្រតិបត្តិការសឹករងមណ្ឌលគិរី នាព្រឹកថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០១៩
ឯកឧត្តម ស្វាយ សំអ៊ាង អភិបាលខេត្ត និងឯកឧត្តម រ័ត្ន វិរៈ អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន បានសម្តែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់សិក្ខាកាមឧទ្យានុរក្សទាំងអស់ ដែលបានខិតខំអស់ពីកម្លាំងកាយចិត្ត ស្តាប់ឱវាទ បទបញ្ជា និងវិន័យ ដើម្បីទទួលយកនូវការហ្វឹកហាត់ និងការបង្ហាត់បង្ហាញពីសំណាក់គ្រូបង្គោល ដែលឈានដល់សម្រេចបានជោគជ័យនូវការហ្វឹកហ្វឺននាថ្ងៃនេះ។ ឯកឧត្តម បានបញ្ជាក់ថា ការរៀបចំវគ្គបណ្តុះបណ្តាលនាពេលនេះ គឺពិតជាបានផ្តល់នូវចំណេះដឹងផ្នែកគ្រប់គ្រង និងថែទាំអាវុធ ដែលស្របទៅនឹងច្បាប់ស្តីពីការគ្រប់គ្រងអាវុធ គ្រឿងផ្ទុះ និងគ្រាប់រំសេវ សម្រាប់ឱ្យមន្រ្តីឧទ្យានុរក្សរបស់ក្រសួងបរិស្ថាន យកទៅអនុវត្តឱ្យទទួលបានប្រសិទ្ធភាពក្នុងពេលចុះល្បាត និងក្នុងពេលបំពេញបេសកម្មការពារធនធានធម្មជាតិ។ ឯកឧត្តម បានណែនាំដល់មន្រ្តីឧទ្យានុរក្សទាំងអស់ ត្រូវបង្កើនការយកចិត្តទុកដាក់ប្រុងប្រយ័ត្នឱ្យបានខ្ជាប់ខ្ជួនគ្រប់វិនាទី ក្នុងការគ្រប់គ្រង ថែទាំ និងប្រើប្រាស់អាវុធCKC ដើម្បីបន្តចូលរួមចំណែកការពារ និងអភិរក្សធនធានធម្មជាតិសម្រាប់ទុកឱ្យកូនចៅជំនាន់ក្រោយបានឃើញ និងបានស្គាល់នូធនធានធម្មជាតិ ជាពិសេស ចូលរួមចំណែករក្សាបាននូវសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ សុវត្ថិភាពជូនប្រជាពលរដ្ឋ ព្រមទាំងកិច្ចការងារសង្គម និងមនុស្សធម៌។ ឯកឧត្តម បានផ្តាំផ្ញើដល់សិក្ខាកាមឧទ្យានុរក្សទាំងអស់ ត្រូវស្តាប់បទបញ្ជារបស់ថ្នាក់ដឹកនាំ សំដៅលើកកម្ពស់នូវការអនុវត្តច្បាប់ គោរពវិន័យ និងសេចក្តីថ្លៃថ្នូររបស់អ្នករាជការសាធារណៈ។
តាមរបាយការណ៍របស់លោកវរសេនីយ៍ឯក តន់ ឆៃ មេបញ្ជាការរងតំបន់ប្រតិបត្តិការសឹករងមណ្ឌលគិរី បានឱ្យដឹងថា ក្រោយពីទទួលសំណើសុំគ្រូបង្គោលតាមរយៈលោក មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងមណ្ឌលគិរី ពីមន្ទីរបរិស្ថានខេត្ត ការិយាល័យហ្វឺកហ្វឺនបានរៀបចំផែនការបណ្តុះបណ្តាល ស្តីពីការប្រើប្រាស់ ថែទាំ និងគ្រប់គ្រងអាវុធដល់សិក្ខាកាម ដែលជាមន្រ្តីឧទ្យានុរក្សចំនួន១០៣នាក់ ស្រី២នាក់ មានគ្រូបង្គោលចំនួន០៦នាក់ រៀនមានរយៈពេល១០ថ្ងៃ ក្នុង១ថ្ងៃ រៀន០៧ម៉ោង។ លោក បន្ថែមថា ចំពោះមេរៀនផ្សេងៗ ដែលបានរៀនតាមផែនការ និងកាលវិភាគ មានដូចជា៖ - ច្បាប់ស្តីពីការគ្រប់គ្រងអាវុធ គ្រឿងផ្ទុះ និងគ្រាប់រំសេវ - លក្ខណៈទូទៅ ការរៀបចំ និងដោះដាក់ ការកែតម្រង់កាំភ្លើងCKC - សិក្សាការបាញ់ និងកាយវិការបាញ់ - និងការរៀបចំបាញ់មួយពេល៕

អត្ថបទទាក់ទង