រដ្ឋបាលខេត្តមណ្ឌលគិរី

Mondulkiri Administration
ស្វែងរក

ខេត្តមណ្ឌលគិរី ក្នុងរយៈពេលបី នាឱកាសពិធីបុណ្យភ្ជុំបិណ្ឌឆ្នាំនេះ ទទួលបានកំណើនភ្លៀវទេសចរជាង៣០%

  • 2.1ពាន់
  • ដោយ sonea

មណ្ឌលគិរី៖ ភ្ញៀវទេសចរជាច្រើនពាន់នាក់បានសម្រុកចូលមកកម្សាន្តនៅខេត្តមណ្ឌលគិរី នាឱកាសឈប់សម្រាករដូវបុណ្យភ្ជុំបិណ្ឌ ថ្ងៃទី២៧ ២៨ និងថ្ងៃទី២៩ ខែកញ្ញានេះ ខណៈការចូលមកលេងក្នុងខេត្តមណ្ឌលគិរីយ៉ាងច្រើនពីសំណាក់ភ្ញៀវទេសចរ បានធ្វើឲ្យផ្ទះសំណាក់ សណ្ឋាគារ រីស៊ត ពេញបន្ទប់អស់តែម្ដង នាអំឡុង៣ថ្ងៃនេះ ។
ប្រធានមន្ទីរទេសចរណ៍ខេត្តមណ្ឌលគិរី លោក ងិន សុវិមាន បានឲ្យដឹងថា នៅក្នុងឱកាសថ្ងៃឈប់សម្រាករយៈពេល៣ថ្ងៃនៃភ្ជុំបិណ្ឌ ខេត្តមណ្ឌលគិរីមានភ្ញៀវទេសចរមកលេងកម្សាន្តសរុប១៤.៧៨០នាក់ ក្នុងនោះទេសចរជាតិប្រមាណចំនួន១៤.៥២៣នាក់ ទេសចរអន្តរជាតិសរុបប្រមាណ២៥៧នាក់ ហើយបើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន សរុបចំនួន១១.៣៤៦នាក់ ក្នុងនោះទេសចរជាតិចំនួន ១១.១១៤នាក់ ទេសចរអន្តរជាតិ ២៣២នាក់ កើនសរុប៣០,២៦% ក្នុងនោះទេសចរជាតិកើន៣០,៦៧% ទេសចរអន្តរជាតិកើន ១០,៧៧%។ លោក បានបញ្ជាក់ថា មុនឱកាសពិធីបុណ្យភ្ជុំបិណ្ឌ លោកបានចាត់តាំងឱ្យមន្រ្តីចុះណែនាំជាក់ស្តែង និងផ្សព្វផ្សាយពង្រឹងគុណភាពផលិតផលទេសចរណ៍នាឱកាសបុណ្យភ្ជុំបិណ្ឌប្រពៃណីជាតិ របស់ក្រសួងទេសចរណ៍ ដល់ប្រតិបត្តិករទេសចរណ៍ និងវត្តអារាមក្នុងខេត្ត ដោយមានសហការជាមួយមន្ទីរធម្មការ និងសាសនាខេត្តផងដែរ។ លោក បន្ថែមថា កត្តាដែលធ្វើឲ្យលំហូរចូលនៃភ្ញៀវទេសចរមកទស្សនាកំសាន្តនៅខេត្តមណ្ឌលគិរី មានការកើនឡើងជារៀងរាល់ឆ្នាំ គឺដោយសារ មានហេដ្ឋារចនាសម្ព័ន្ធល្អប្រសើរ ប្រជាពលរដ្ឋមានជីវភាពធូរធារ ខេត្តមណ្ឌលគិរី មានសន្តិសណ្តាប់ធ្នាប់ល្អប្រសើរ និងមានខ្យល់អាកាសល្អបរិសុទ្ធ ម្យ៉ាងទៀត ខេត្តមណ្ឌលគិរី មានរមណីយដ្ឋានជាច្រើនកន្លែង ដើម្បីឱ្យភ្ញៀវទេសចរមកទស្សនា ដូចជា៖ ទឹកជ្រោះប៊ូស្រា ទឹកអូរផ្លាយ ភ្នំអណ្ដូងស្នេហ៍ ភ្នំដោះក្រមុំ សមុទ្រឈើ ទឹកជ្រោះរមនា រមណីដ្ឋានអូរមីស និងទឹកធ្លាក់លែងអង និងលែងឃិន ជាដើម និងមានសណ្ឋាគារ-ផ្ទះសំណាក់ជាង៦០កន្លែង និងមានជាង១.០០០បន្ទប់ ចំណែកភោជនីយដ្ឋានមានចំនួនជិត៤០កន្លែង។ លោក ងិន សុវិមាន បានបញ្ជាក់ថា ការកើនឡើងភ្ញៀវទេសចរចូលមកកម្សាន្តនៅក្នុងខេត្ត ក៏មានម្ចាស់រីស៊ត សណ្ឋាគារ និងផ្ទះសំណាក់មួយចំនួន បានតម្លើងថ្លៃតិចតួច ដែលអាចឱ្យភ្ញៀវទេសចរ អាចទទួលយកបាន។
ភ្ញៀវទេសចរដែលចូលមកកម្សាន្ត ក៏បានសម្ដែងអារម្មណ៍ពេញចិត្តជាមួយទេសភាពបរិយាកាសនៅខេត្តមណ្ឌលគិរី ដោយពួកគាត់ចូលចិត្តព្រៃឈើ ខ្យល់អាកាសបរិសុទ្ធ ភ្នំជាច្រើន និងមានវាលស្មៅដ៏ស្រស់បំព្រង ហើយប្រសិនមានឱកាស ពួកគាត់នឹងមកកម្សាន្តនៅខេត្តមណ្ឌលគិរីទៀត ។
អាជីវកឈ្មោះ ឡៃ ហួយ ជាម្ចាស់ភោជនីយដ្ឋានមួយកន្លែងបានលើកឡើងថា គាត់មិនតម្លើងថ្លៃម្ហូបអាហារក្នុងហាងនោះទេ ទោះថ្ងៃធម្មតា ឬបុណ្យទានក៏ដោយ ព្រោះគាត់យល់ថាការឆ្លៀតឱកាសតម្លើងថ្លៃក្នុងឱកាសបុណ្យទាន មិនត្រឹមតែខូចឈ្មោះហាងនោះទេ ថែមទាំងខូចកេរ្តិ៍ឈ្មោះដល់ខេត្តមណ្ឌលគិរីទៀតផង។
អាជីវករមួយរូបទៀត ឈ្មោះ ពាត សុវណ្ណល័ក្ខ ជាអ្នកគ្រប់គ្រងផ្ទះ សំណាក់មួយនៅក្រុងសែនមនោរម្យ បានប្រាប់ដែរថា នៅផ្ទះសំណាក់របស់លោក គឺបានតម្លើងថ្លៃប្រមាណ៥ដុល្លាក្នុងបន្ទប់នាឱកាសថ្ងៃឈប់សម្រាកភ្ជុំបិណ្ឌនេះ ការតម្លើងថ្លៃតិចតួចនេះដែរ ព្រោះភ្ញៀវច្រើនចូលសម្រាកលើសចំនួនកំណត់ និងដើម្បីយកថវិកាទាំងនោះ ថែមជូនដល់បុគ្គលិកបម្រើការ ដែលមិនបានឈប់ក្នុងឱកាសបុណ្យទាន។ លោកក៏សូមអំពាវនាវដល់ម្ចាស់ផ្ទះសំណាក់ សណ្ឋាគារកំតម្លើងថ្លៃខ្ពស់ពេកក្នុងឱកាសបុណ្យទាន ព្រោះអាចប៉ះពាល់ដល់វិស័យទេសចរណ៍ក្នុងខេត្ត៕

អត្ថបទទាក់ទង