រដ្ឋបាលខេត្តមណ្ឌលគិរី

Mondulkiri Administration
ស្វែងរក

ពិធីប្រកាស ផ្ទេរសម្រួលភារកិច្ចប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តមណ្ឌលគិរី

  • 740
  • ដោយ sonea

មណ្ឌលគិរីះ ឯកឧត្តម ស៊ុយ សាន រដ្ឋលេខាធិការក្រសួងសាធារណៈការ និងដឹកជញ្ចូន បានអញ្ជើញជាអធិបតី ក្នុងពិធីពិធីប្រកាស ផ្ទេរសម្រួលភារកិច្ចប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តមណ្ឌលគិរី ដោយមានការចូលរួមពីសំណាក់ឯកឧត្តម ម៉ែន ង៉ុយ ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម ស្វាយ សំអ៊ាង អភិបាលខេត្ត ព្រមទាំង លោកមេបញ្ជាការកងកម្លាំងប្រដាប់អាវុធទាំងបី លោក លោកស្រី ប្រធានមន្ទីរតាមបណ្តាខេត្ត ប្រធាន អនុប្រធានមន្ទីរអង្គភាពជុំវិញខេត្ត និងមន្រ្តីនៃមន្ទីរសាធារណៈការជាច្រើនរូប ដែលប្រព្រឹត្តទៅនៅអគារក្រុមប្រឹក្សាខេត្ត នារសៀលថ្ងៃទី១០ ខែតុលា ឆ្នាំ២០១៩។
ឯកឧត្តម អភិបាលខេត្ត បញ្ជាក់ថា ដើម្បីអនុវត្តន៍គោលនយោបាយរបស់រាជរដ្ឋាភិបាលនៅក្នុងអាណត្តិទី៦នេះ ជាពិសេស ការអនុវត្តយុទ្ធសាស្រ្តចតុកោណដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាល បានខិតខំបម្រើសេវាសាធារណៈជូនពលរដ្ឋ និងតាមទីជនបទ ឱ្យកាន់តែមានភាពល្អប្រសើរ ដើម្បីរួមចំណែកធ្វើការស្តារ ការកសាងអភិវឌ្ឍន៍លើគ្រប់វិស័យឱ្យមានការរីកចម្រើនបន្ថែមទៀត។ ឯកឧត្តម បន្តថា ការរស់នៅរបស់ប្រជាពលរដ្ឋនៅក្នុងខេត្ត មានការរាយប៉ាយ និងដាច់ដោយដុំ ហើយបញ្ហាទាំងនេះ ក្នុងនាមអាជ្ញាធរខេត្ត និងមន្ទីរជំនាញ ក៏បានខិតខំធ្វើការងារនេះ ដើម្បីដោះស្រាយបញ្ហា និងសំណូមពរនានាតាមរយៈការធ្វើវេទិកាសាធារណៈ ការលើកឡើងក្នុងកិច្ចប្រជុំនានា របស់រដ្ឋបាលឃុំ/សង្កាត់។ ឯកឧត្តម បានបន្ថែមថា មន្ទីរចំនួនពីរ ដែលជាសេនាធិការរបស់ខេត្ត គឺមន្ទីរសាធារណៈការ និងដឹកជញ្ចូន និងមន្ទីរអភិវឌ្ឍន៍ជនបទ ហើយមន្ទីរទាំងពីរនេះ ត្រូវគិតគូរ និងលើកផែនការ ក្នុងការកសាង ការស្តារ ការជួសជុល ការពង្រីកផ្លូវ លូ ស្ពាន ជាដើម។ ឯកឧត្តម ជំរុញដល់មន្ទីរសាធារណៈការ បន្តយកចិត្តទុកដាក់ថែមទៀត អំពីគម្រោងថែទាំ ជួសជុល ផ្លូវជាតិលេខ៧៦ ចាប់ពីស្រុកកែវសីមា មកទីរួមខេត្ត និងផ្លូវទៅតាមរមណីយដ្ឋាននានា មានការខូចខាត និងមានសំបុកមាន់ខ្លះ ដូច្នេះ សូមស្នើដល់មន្រ្តីជំនាញ ត្រូវប្រញ៉ាប់ធ្វើការជួសជុល ថែទាំឡើងវិញ ដើម្បីធ្វើយ៉ាងណា បង្កលក្ខណៈងាយស្រួលដល់ការធ្វើដំណើរប្រជាពលរដ្ឋ ក៏ដូចជាភ្ញៀវទេសចរជាតិ អន្តរជាតិ មកទស្សនាកំសាន្តក្នុងខេត្តមណ្ឌលគិរី។
ឯកឧត្តម ស៊ុយ សាន រដ្ឋលេខាធិការក្រសួងសាធារណៈការ និងដឹកជញ្ចូន បានធ្វើការណែនាំដល់ប្រធានមន្ទីរថ្មី ត្រូវបង្កើនកិច្ចសហប្រតិបត្តិជាមួយស្ថាប័នអង្គភាព រដ្ឋអំណាចគ្រប់លំដាប់ថ្នាក់ ដៃគូអភិវឌ្ឍជាតិ អន្តរជាតិ ជាពិសេស អនុវត្តតាមការណែនាំ របស់ថ្នាក់ដឹកនាំខេត្ត សំដៅអភិវឌ្ឍន៍វិស័យហេដ្ឋារចនាសម្ព័ន្ធ ការផ្តល់សេវាសាធារណៈចាំបាច់ និងសេវាតម្រូវការគ្រប់ប្រភេទ ជូនប្រជាពលរដ្ឋនៅក្នុងដែនសមត្ថកិច្ចរបស់ខ្លួនឲ្យបានកាន់តែល្អប្រសើរ ស្រប់តាមពាក្យស្លោក ធ្វើឲ្យបាន ធ្វើឲ្យឆាប់ និងធ្វើឲ្យមានតម្លាភាព ធានាទប់ស្កាត់ឲ្យបាននូវការដឹកលើសកំណត់ និងត្រូវបង្កើនប្រសិទ្ធភាពផ្សព្វផ្សាយនូវចលនាមហាជន ឲ្យមានការចូលរួមគោរពច្បាប់ចរាចរណ៍ ជាពិសេស ខិតខំអនុវត្តន៍អនុសាសន៍ណែនាំដ៏ថ្លៃថ្លា ១៤ចំណុចរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា អំពីភាពជាមន្ត្រីដ៏ល្អ ដើម្បីចូលរួមអភិវឌ្ឍន៍ប្រទេសរបស់យើងឲ្យមានការរីកចម្រើនថែមទៀត។
សូមបញ្ជាក់ថា ពិធីប្រកាស ផ្ទេរសម្រួលភារកិច្ចប្រធានមន្ទីរសាធាណៈការ និងដឹកជញ្ចូនខេត្តមណ្ឌលគិរី ក្នុងនោះ លោក រស់ គីមធន ត្រូវបានប្រកាសចូលកាន់មុខតំណែង ជាប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តថ្មី ជំនួសលោក ម៉ៅ ធនារក្ស ត្រូវទទួលភារកិច្ចថ្មី៕

អត្ថបទទាក់ទង