និវត្តជន ជនចាស់ជរា ជនពិការ និងប្រជាពលរដ្ឋក្រីក្រចំនួន៣០០គ្រួសារ ទទួលអំណោយសង្រ្គោះបន្ទាន់ ក្នុងពិធីប្រារព្វខួបលើកទី២១ ទិវាមនុស្សចាស់កម្ពុជា និងទិវាមនុស្សចាស់អន្តរជាតិ ០១តុលា ២០១៩ នៅខេត្តមណ្ឌលគិរី
មណ្ឌលគិរី៖ ឯកឧត្តម ស្វាយ សំអ៊ាង អភិបាលខេត្តមណ្ឌលគិរី និងឯកឧត្តម លី សាមិ សមាជិក្រុមប្រឹក្សាខេត្ត អញ្ជើញជាអធិបតី ក្នុងពិធីប្រារព្វខួបលើកទី២១ ទិវាមនុស្សចាស់កម្ពុជា និងទិវាមនុស្សចាស់អន្តរជាតិ ០១តុលា ២០១៩ និងចែកអំណោយសង្រ្គោះបន្ទាន់ដល់និវត្តជន ជនចាស់ជរា ជនពិការ និងប្រជាពលរដ្ឋក្រីក្រចំនួន៣០០គ្រួសារ មកពីក្រុង/ស្រុកចំនួនបីក្នុងខេត្ត ដែលប្រព្រឹត្តទៅនៅលើសួនច្បារសែនមនោរម្យ ស្ថិតនៅក្រុងសែនមនោរម្យ នាព្រឹកថ្ងៃទី១២ ខែតុលា ឆ្នាំ២០១៩។
ឯកឧត្តម ស្វាយ សំអ៊ាង អភិបាលខេត្ត បានមានប្រសាសន៍ថា ទិវាមនុស្សចាស់កម្ពុជា និងទិវាមនុស្សចាស់អន្តរជាតិ ០១តុលា ឆ្នាំ២០១៩ ក្រោមប្រធានបទ គាំទ្រសុខុមាលភាពមនុស្សចាស់ គឺជាកត្តាដ៏សំខាន់ ក្នុងការអនុវត្តប្រព័ន្ធគាំពារសុខុមាលភាពមនុស្សគ្រប់វ័យ ក្នុងសង្គមជាតិនៅកម្ពុជា។ ឯកឧត្តម បន្ថែមថា ការប្រារព្វទិវានេះ ដើម្បីរំលឹកគុណដល់មនុស្សវ័យចាស់កម្ពុជា ក៏ដូចជាមនុស្សវ័យចាស់នៅទូទាំងសកលលោក និងលើកកម្ពស់មនសិការទទួលខុសត្រូវរបស់យើង ក្នុងការចូលរួមកសាងសង្គមជាតិមួយដែលមានការយកចិត្តទុកដាក់កាន់តែខ្ពស់ចំពោះសុខុមាលភាពរបស់ប្រជាជនគ្រប់វ័យ ពិសេសមនុស្សវ័យចាស់ និងស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា និងស្របតាមសេចក្តីសម្រេចរបស់អង្គការសហប្រជាជាតិ។ ឯកឧត្តម បញ្ជាក់បន្ថែមថា ដើម្បីរួមចំណែកលើកកម្ពស់សុខុមាលភាពរបស់មនុស្សវ័យចាស់ ក៏សូមឱ្យគណៈកម្មាធិការដើម្បីមនុស្សចាស់ខេត្ត ត្រូវបង្កើនការយកចិត្តទុកដាក់ និងគាំទ្រតាមគ្រប់មធ្យោបាយ ដើម្បីលើកស្ទួយសុខុមាលភាពមនុស្សវ័យចាស់ និងត្រូវចុះសួរសុខទុក្ខដល់ជនចាស់ជរា ជនពិការគ្រប់មូលដ្ឋាន ឱ្យកាន់តែសកម្មបន្ថែមទៀត។ សូមឱ្យមន្ទីរ ស្ថាប័ន និងអង្គការដៃគូនានា ជួយបង្កលក្ខណៈងាយស្រួលដល់សមាគមមនុស្សចាស់ និងជួយជំរុញសកម្មភាពបង្កើតសហគមមនុស្សចាស់នៅក្នុងមូលដ្ឋាន ដើម្បីបង្កើនស្មារតីសាមគ្គីជួយគ្នាទៅវិញទៅមក។
លោក ខឹម សុផុន ប្រធានមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនិតីសម្បទាខេត្ត បានឱ្យដឹងថា ការប្រារព្វទិវាមនុស្សចាស់កម្ពុជា និងទិវាមនុស្សចាស់អន្តរជាតិ ជាទិវាបុណ្យរំលឹកគុណូបការៈរបស់មនុស្សវ័យចាស់ បុព្វការីជន ជីដូនជីតា ឱពុកម្តាយ អ៊ុំ ពូ មីង ដែលបានកសាង និងបន្សល់ទុកកេរមរតកដ៏ថ្លៃថ្លាសម្រាប់កូនចៅជំនាន់នេះ និងជំនាន់ក្រោយៗទៀត។ លោក បន្ថែមថា ការប្រារព្វទិវានេះ គឺធ្វើឡើងជារៀងរាល់ឆ្នាំ នៅតាមបណ្តាក្រុង/ស្រុកទាំង០៥ក្នុងខេត្ត ដោយឡែក ឆ្នាំនេះ មន្ទីរសង្គមកិច្ច បានធ្វើនៅក្រុងសែនមនោរម្យ និងបានចែកអំណោយសង្រ្គោះបន្ទាន់ដល់ប្រជាពលរដ្ឋទីទ័លក្រ ចាស់ជរា ជនពិការ និងនិវត្តជនចំនួន៣០០គ្រួសារ ដែលមកពីក្រុង/ស្រុកចំនួនបី ក្នុងនោះ ក្រុងសែនមនោរម្យ ស្រុកអូររាំង និងស្រុកពេជ្រា ដោយក្នុងមួយគ្រួសារ ទទួលបានអង្ករ ត្រីខ ទឹកត្រី មី និងថវិកាមួយចំនួនផងដែរ៕