រដ្ឋបាលខេត្តមណ្ឌលគិរី

Mondulkiri Administration
ស្វែងរក

ពិធីប្រកាសដាក់ឱ្យដំណើរការរចនាសម្ព័ន្ធថ្មីនៃរដ្ឋបាលស្រុកកែវសីមា

  • 748
  • ដោយ sonea

មណ្ឌលគិរី៖ ឯកឧត្តម ស្វាយ សំអ៊ាង អភិបាលនៃគណៈអភិបាលខេត្តមណ្ឌលគិរី អញ្ជើញជាអធិបតីភាព ក្នុងពិធីប្រកាសដាក់ឱ្យដំណើរការរចនាសម្ព័ន្ធថ្មីនៃរដ្ឋបាលស្រុកកែវសីមា ដោយមានការចូលរួមពីថ្នាក់ដឹកនាំមន្ទីរអង្គភាពជុំវិញខេត្ត កងកម្លាំងប្រដាប់អាវុធទាំងបី និងអាជ្ញាធរស្រុក ដែលប្រព្រឹត្តទៅនៅសាលាស្រុកកែវសីមា នាព្រឹកថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២០។
ឯកឧត្តម ស្វាយ សំអ៊ាង អភិបាលខេត្ត បានមានប្រសាសន៍ថា ការដាក់ឱ្យដំណើរការរចនាសម្ព័ន្ធនៃរដ្ឋបាលស្រុកកែវសីមានាពេលនេះ គឺជាព្រឹត្តិការណ៍ជាប្រវត្តិសាស្រ្តនៃការកែទម្រង់ប្រព័ន្ធគ្រប់គ្រងរដ្ឋបាលសាធារណៈនៅថ្នាក់ក្រោមជាតិ តាមគោលនយោបាយវិមជ្ឈការ និងវិសហមជ្ឈមការ សំដៅធានាដល់ការផ្ទេរសិទ្ធិ ផ្ទេរអំណាច ផ្ទេរមុខងារ និងធនធានឱ្យទៅរដ្ឋបាលថ្នាក់ក្រោមជាតិ ដែលនៅកៀកប្រជាពលរដ្ឋក្នុងការទទួលខុសត្រូវលើការគ្រប់គ្រង ការចាត់ចែង និងការប្រើប្រាស់សិទ្ធិ អំណាច និងធនធានទាំងនោះ សម្រាប់ការផ្តល់សេវា និងការអភិវឌ្ឍមូលដ្ឋាន ឆ្លើយតបទៅនឹងតម្រូវការរបស់ប្រជាបលរដ្ឋប្រកបដោយប្រសិទ្ធភាព តម្លាភាព គណនេយ្យភាព បរិយាប័ន្ន និងសមធម៌សង្គម។ ឯកឧត្តម បានបញ្ជាក់ថា សមិទ្ធផលរបស់រដ្ឋបាលស្រុក សម្រេចបាននាពេលកន្លងមក គឺបានរួមចំណែកយ៉ាងសំខាន់ ក្នុងការពង្រឹងសន្តិភាព ស្ថិរភាពនយោបាយ និងការអភិវឌ្ឍសេដ្ឋកិច្ចសង្គម ឱ្យមានការរីកចម្រើនយ៉ាងឆាប់រហ័ស ដោយបានធ្វើឱ្យកម្ពុជាសម្រេចបានកំណើនសេដ្ឋកិច្ចខ្ពស់ជាមធ្យមក្នុងរង្វង់ ៧% ជារៀងរាល់ឆ្នាំ ក្នុងរយៈពេលពីរទសវត្សរ៍ចុងក្រោយនេះ ជាក់ស្តែង ក្នុងឆ្នាំ២០១៩ កម្ពុជាសម្រេចបានកំណើនសេដ្ឋកិច្ចរហូតដល់៧,១% គឺលើសពីការព្យាករណ៍ ដែលមានតែ៧% តែប៉ុណ្ណោះ។ តាមរយៈកំណើនសេដ្ឋកិច្ចនេះ បានធ្វើឱ្យកម្ពុជាសម្រេចបាននូវសូចនាករក្នុងការកាត់បន្ថយភាពក្រីក្រ ឱ្យមកនៅក្នុងអាត្រាទាប់ជាង១០% នៅក្នុងឆ្នាំ២០១៩ កន្លងមកនេះ និងសម្រេចបានឋានៈជាប្រទេសដែលមានចំណូលមធ្យមកម្រិតទាបតាំងពីឆ្នាំ២០១៧មកម្លេះ។ ជាមួយគ្នានេះដែរ ឯកឧត្តម អភិបាលខេត្ត ណែនាំដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ ឱ្យបង្កើនការថែរក្សាការពារសន្តិសុខ និងសណ្តាប់ធ្នាប់សាធារណៈ និងត្រូវជំរុញដល់ប្រជាពលរដ្ឋ ឱ្យចូលរួមអនុវត្តគោលនយោបាយភូមិឃុំមានសុវត្ថិភាព ដើម្បីបង្ការរួមគ្នាទប់ស្កាត់ បង្រ្កាបបទល្មើស ជាពិសេស បទល្មើសគ្រឿងញៀន ត្រូវលើកកម្ពស់ការពង្រឹងសណ្តាប់ធ្នាប់ សុវត្ថិភាពសាធារណៈ ជាពិសេស សុវត្ថិភាពចរាចរណ៍ ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍។
សូមបញ្ជាក់ថា នៅក្នុងពិធីប្រកាសដាក់ឱ្យដំណើរការរចនាសម្ព័ន្ធថ្មីនៃរដ្ឋបាលស្រុកកែវសីមា មានមន្រ្តីចំនួន២៦នាក់ ដែលត្រូវបានធ្វើសមហរណកម្មបុគ្គលិក និងរៀបចំមុខដំណែងគ្រប់គ្រងនៅក្នុងរចនាសម្ព័ន្ធនៃរដ្ឋបាលស្រុកកែវសីមា នៃខេត្តមណ្ឌលគិរី៕

អត្ថបទទាក់ទង