រដ្ឋបាលខេត្តមណ្ឌលគិរី

Mondulkiri Administration
ស្វែងរក

ពិធីប្រកាសដាក់ឱ្យដំណើរការរចនាសម្ព័ន្ធថ្មីនៃរដ្ឋបាលក្រុងសែនមនោរម្យ

  • 554
  • ដោយ sonea

មណ្ឌលគិរី៖ ដើម្បីសំដៅធានាដល់ការផ្ទេរសិទ្ធិ ផ្ទេរអំណាច ផ្ទេរមុខងារ និងធនធានឱ្យទៅរដ្ឋបាលថ្នាក់ក្រោមជាតិ ដែលនៅកៀកប្រជាពលរដ្ឋក្នុងការទទួលខុសត្រូវ សម្រាប់ការផ្តល់សេវា និងការអភិវឌ្ឍមូលដ្ឋាន ឆ្លើយតបទៅនឹងតម្រូវការរបស់ប្រជាពលរដ្ឋប្រកបដោយប្រសិទ្ធភាព តម្លាភាព គណនេយ្យភាព បរិយាប័ន្ន និងសមធម៌សង្គម ឯកឧត្តម ស្វាយ សំអ៊ាង អភិបាលខេត្ត បានថ្លែងក្នុងពិធីប្រកាសដាក់ឱ្យដំណើរការរចនាសម្ព័ន្ធថ្មីនៃរដ្ឋបាលក្រុងសែនមនោរម្យ ដែលប្រព្រឹត្តទៅនៅសាលាក្រុងសែនមនោរម្យ នាព្រឹកថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២០។
ឯកឧត្តម ស្វាយ សំអ៊ាង អភិបាលខេត្ត បានផ្តាំផ្ញើដល់មន្ត្រីគ្រប់រូបដែលទើបប្រកាសដាក់ឱ្យដំណើរការរចនាសម្ព័ន្ធថ្មី​ នៃរដ្ឋបាលក្រុងសែនមនោរម្យនាពេលនេះ ប្រទេសកម្ពុជាបានចាប់ផ្តើមអនុវត្តកម្មវិធីកំណែ​ទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ ដោយចាប់ផ្តើម អនុវត្តនៅថ្នាក់ឃុំ សង្កាត់ តាមរយៈការបោះឆ្នោតជ្រើស​រើសក្រុមប្រឹក្សាឃុំ សង្កាត់ នៅឆ្នាំ២០០២។ ផ្អែកតាមបទពិសោធន៍ក្នុងបណ្តាប្រទេសជាច្រើនទាំងនៅក្នុងតំបន់ និងលើពិភពលោក កំណែទម្រង់ វិមជ្ឈការត្រូវបានឱ្យតម្លៃថា ជាមធ្យោបាយដ៏មានប្រសិទ្ធភាពសម្រាប់ការគ្រប់គ្រង ការចាត់ចែង និងការប្រើប្រាស់ ធនធានសាធារណៈក្នុងការអភិវឌ្ឍមូលដ្ឋាន និងផ្តល់សេវាជូនប្រជាពលរដ្ឋប្រកប ដោយការឆ្លើយតប តម្លាភាព គណ​នេយ្យភាព បរិយាប័ន្ន និងសមធម៌សង្គម។ ទោះយ៉ាងនេះក្តី ការរៀបចំ និងការអនុវត្តកំណែទម្រង់វិមជ្ឈការនៅតាមប្រទេសនីមួយៗ មានលក្ខណៈផ្សេងៗគ្នា គឺអាស្រ័យទៅតាមកត្តាភូមិសាស្ត្រប្រជាសាស្ត្រ ស្ថាន​ភាពនយោ​បាយ សេដ្ឋកិច្ច សង្គមកិច្ច វប្បធម៌ និងប្រពៃណីនៃប្រទេស​នីមួយៗ។ ឯកឧត្តម បន្ថែមថា ការដាក់ឲ្យដំណើរការនូវរចនាសម្ព័ន្ធថ្មីនៃរដ្ឋបាលក្រុងសែនមនោរម្យនាពេលនេះ មានអត្ថន័យយ៉ាងជ្រាលជ្រៅមកលើប្រព័ន្ធគ្រប់គ្រងរដ្ឋបាលនៅថ្នាក់ក្រោមជាតិបន្ថែមទៀត គឺ៖
១-ការគ្រប់គ្រងរដ្ឋបាលស្រុក តាមគោលការណ៍នៃរដ្ឋបាលឯកភាពដែលមានលក្ខណៈពេញលេញ ដើម្បីបង្កើតជំរុញ និងធ្វើឲ្យមានចីរភាពដល់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិស្របតាមច្បាប់ស្តីពីការ គ្រប់គ្រងរដ្ឋបាល រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ និងគោលនយោបាយកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ។ ការបង្កើតឡើងនូវរដ្ឋបាលឯកភាពនៅថ្នាក់​ក្រោមជាតិ គឺសំដៅដល់ការពង្រឹងអង្គឯកភាពរបស់រដ្ឋ ដើម្បី សម្របសម្រួលនូវរាល់សកម្មភាព រដ្ឋបាលសាធារណៈនៅក្នុងដែនដីរបស់ខ្លួន។ ២-ការផ្លាស់ប្តូរ នូវខ្សែគណនេយ្យភាព និងរបៀបរបបនៃការបំពេញការងារ មានន័យថា រដ្ឋបាលស្រុក ជាតំណាងឱ្យរាជរដ្ឋាភិបាល និងក្រសួង ស្ថាប័ន នៅថ្នាក់រដ្ឋបាល របស់ខ្លួន ត្រូវដើរតួនាទី ក្នុងការសម្របសម្រួល ដឹកនាំគ្រប់សកម្មភាព ឬកិច្ចការងារដែលស្ថិតក្នុងដែនសមត្ថកិច្ចរបស់ខ្លួន ហើយរដ្ឋបាលស្រុក ត្រូវមានគណនេយ្យភាពចំពោះរាជរដ្ឋាភិបាល និងក្រសួង ស្ថាប័ន ចំពោះវិស័យដែលក្រសួង ស្ថាប័ននីមួយៗ ទទួលខុសត្រូវ ។ ផ្អែកតាមខ្សែគណនេយ្យភាពថ្មីនេះ រដ្ឋបាលស្រុកជាខ្សែបណ្តោយ នៃក្រសួង ស្ថាប័ន នីមួយៗ ជំនួសឱ្យការិយាល័យជំនាញដែលបានរៀបចំនាពេលកន្លងមក។ ហេតុនេះ ក្រសួង ស្ថាប័ន ឬមន្ទីរ អង្គភាពជំនាញនៅថ្នាក់ខេត្ត ដែលត្រូវ អនុវត្តសកម្មភាព ឬកិច្ចការងារណាមួយនៅថ្នាក់ស្រុក គឺត្រូវធ្វើកិច្ចសហការ និងទំនាក់ទំនងជាមួយរដ្ឋបាលស្រុកដោយផ្ទាល់ទៅលើវិស័យ ដែលស្ថិតក្រោមការទទួលខុសត្រូវរបស់ខ្លួន។
ឯកឧត្តម អភិបាលខេត្ត ក៏បានសង្កត់ធ្ងន់ថា ដើម្បីរួមគ្នាសម្រេចបាននូវកិច្ចការខាងលើនេះ ចាំបាច់ត្រូវខិតខំពង្រឹងស្មារតីសាមគ្គីភាព ឯកភាព ផ្ទៃក្នុងឲ្យបានល្អនៅក្នុងក្រុមប្រឹក្សា គណៈអភិបាល មន្រ្តីរាជការ និងកងកម្លាំងមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ ដោយឈរលើមូលដ្ឋាននៃការលើកកម្ពស់ប្រសិទ្ធភាពការងារ ការគោរពច្បាប់ គោរពគោលការណ៍នានារបស់រដ្ឋ ពង្រឹងរបៀបរបបធ្វើការ ដើម្បីលើកកម្ពស់ការទទួល​ខុសត្រូវ និងភាពជាម្ចាស់របស់មន្រ្តី នៅក្នុងការបំពេញតួនាទី និងភារកិច្ច សំដៅការអភិវឌ្ឍមូលដ្ឋាន និងឆ្លើយតបចំពោះតម្រូវការរបស់ប្រជាពលរដ្ឋ ក្នុងដែនសមត្ថកិច្ចរបស់ខ្លួន៕

អត្ថបទទាក់ទង