រដ្ឋបាលខេត្តមណ្ឌលគិរី

Mondulkiri Administration
ស្វែងរក

ពិធីប្រកាសដាក់ឱ្យដំណើរការរចនាសម្ព័ន្ធថ្មីនៃរដ្ឋបាលស្រុកពេជ្រាដា

  • 668
  • ដោយ sonea

មណ្ឌលគិរីះ នារសៀលថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២០ ឯកឧត្តម ស្វាយ សំអ៊ាង អភិបាលខេត្តមណ្ឌលគិរី អញ្ជើញជាអធិបតីភាព ក្នុងពិធីប្រកាសដាក់ឱ្យដំណើរការរចនាសម្ព័ន្ធថ្មីនៃរដ្ឋបាលពេជ្រាដា ដោយមានការចូលរួមពីលោក ញ៉ន សិទ្ធ អភិបាលរងខេត្ត ព្រមទាំងថ្នាក់ដឹកនាំមន្ទីរអង្គភាពជុំវិញខេត្ត កងកម្លាំងប្រដាប់អាវុធទាំងបី អាជ្ញាធរស្រុក មន្រ្តីនៃរដ្ឋបាលស្រុកជាច្រើនរូប ដែលប្រព្រឹត្តទៅនៅសាលាស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី។
ឯកឧត្តម ស្វាយ សំអ៊ាង អភិបាលខេត្ត បានថ្លែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់គណៈអភិបាលស្រុកពេជ្រាដា ដែលបានខិតខំវាយតម្លៃ ផ្គូរផ្គង និងរៀបចំសំណុំឯកសារពាក់ព័ន្ធនឹងដំណើរការធ្វើសមាហរណកម្មមន្រ្តីរាជការទាំងនៅតាមរដ្ឋបាលស្រុក និងនៅតាមការិយាល័យជំនាញនានាមកក្នុងរចនាសម្ព័ន្ធនៃរដ្ឋបាលស្រុកពេជ្រាដាថ្មី។ ឯកឧត្តម អភិបាលខេត្ត បានលើកឡើងថា ចំពោះការដាក់ឲ្យដំណើរការរចនាសម្ព័ន្ធថ្មីនៃរដ្ឋបាលស្រុកពេជ្រាដា ជាព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រ នៃការកែទម្រង់ប្រព័ន្ធគ្រប់គ្រងរដ្ឋបាលសាធារណៈនៅថ្នាក់ក្រោមជាតិ តាមគោលនយោបាយវិមជ្ឈការ និងវិសហមជ្ឈការ សំដៅធានាដល់ការផ្ទេរសិទ្ធិ ផ្ទេរអំណាច ផ្ទេរមុខងារ និងធនធានឱ្យទៅរដ្ឋបាលថ្នាក់ក្រោមជាតិដែលនៅកៀកជិតប្រជាពលរដ្ឋក្នុងការទទួលខុសត្រូវលើការគ្រប់គ្រង ការចាត់ចែង និងការប្រើប្រាស់សិទ្ធិ អំណាច និងធនធានទាំងនោះសម្រាប់ការផ្តល់សេវា និងការអភិវឌ្ឍមូលដ្ឋាន ឆ្លើយតបទៅនឹងតម្រូវការរបស់ប្រជាពលរដ្ឋប្រកបដោយប្រសិទ្ធភាព តម្លាភាព គណនេយ្យភាព បរិយាប័ន្ន និងសមធម៌សង្គម។ ឯកឧត្តម បានបញ្ជាក់ថា ការផ្លាស់ប្តូរនូវខ្សែគណនេយ្យភាព និងរបៀបរបបនៃការបំពេញការងារមានន័យថារដ្ឋបាលក្រុង ស្រុក ខណ្ឌ ជាតំណាងឲ្យរាជរដ្ឋាភិបាល និងក្រសួងស្ថាប័ន នៅរដ្ឋបាលរបស់ខ្លួន ត្រូវដើរតួនាទីក្នុងការសម្របសម្រួល និងដឹកនាំគ្រប់សកម្មភាព ឬកិច្ចការដែលស្ថិតនៅក្នុងដែនសមត្ថកិច្ចរបស់ខ្លួន ហើយរដ្ឋបាលស្រុក ត្រូវមានគណនេយ្យភាពចំពោះរាជរដ្ឋាភិបាល និងក្រសួង ស្ថាប័នចំពោះវិស័យក្រសួង ស្ថាប័ននីមួយៗទទួលខុសត្រូវ។
ឯកឧត្តម អភិបាលខេត្ត ផ្តាំផ្ញើដល់អភិបាលស្រុក ត្រូវខិតខំសម្របសម្រួលរៀបចំទីកន្លែងបំពេញការងាររបស់មន្ត្រី និងការិយាល័យ អង្គភាពនានាចំណុះរដ្ឋបាលក្រុងតាមរចនាសម្ព័ន្ធថ្មីឱ្យបានសមស្រប និងមានលក្ខណៈប្រមូលផ្តុំនៅជិតៗគ្នាទៅតាមលទ្ធភាពដែលអាចធ្វើទៅបានដើម្បីងាយស្រួលក្នុងទំនាក់ទំនងការងារ ការផ្តល់សេវា ការប្រាស្រ័យទាក់ទងជាមួយប្រជាពលរដ្ឋ និងដោះស្រាយកិច្ចការនានាបានឆាប់រហ័ស និងត្រូវខិតខំពង្រឹងស្មារតីសាមគ្គីភាព ឯកភាពផ្ទៃក្នុងឲ្យបានល្អនៅក្នុងក្រុមប្រឹក្សា គណៈអភិបាល មន្រ្តីរាជការ និងកងកម្លាំងមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ ដោយឈរលើមូលដ្ឋាននៃការលើកកម្ពស់ប្រសិទ្ធភាពការងារ ការគោរពច្បាប់ គោរពគោលការណ៍នានារបស់រដ្ឋ និងពង្រឹងរបៀបរបបធ្វើការ ដើម្បីលើកកម្ពស់ការទទួលខុសត្រូវ និងភាពជាម្ចាស់របស់មន្រ្តីនៅក្នុងការបំពេញតួនាទីភារកិច្ចរបស់ខ្លួនសំដៅអភិវឌ្ឍមូលដ្ឋាន និងឆ្លើយតបចំពោះតម្រូវការរបស់ប្រជាពលរដ្ឋក្នុងដែនសមត្ថកិច្ចរបស់ខ្លួន៕

អត្ថបទទាក់ទង