រដ្ឋបាលខេត្តមណ្ឌលគិរី

Mondulkiri Administration
ស្វែងរក

ថ្នាក់ដឹកនាំខេត្តមណ្ឌលគិរី ទទួលស្វាគមន៍ គណៈកម្មការទី១ នៃរដ្ឋសភា

  • 812
  • ដោយ sonea

មណ្ឌលគិរី៖ ឯកឧត្តម ម៉ែន ង៉ុយ ប្រធានក្រុមប្រឹក្សាខេត្ត និងលោក ញ៉ន សិទ្ធ អភិបាលរងខេត្ត អញ្ជើញទទួលស្វាគមន៍ឯកឧត្តម ប្រាជ្ញ ច័ន្ទ ប្រធានគណៈកម្មការទី១ នៃរដ្ឋសភា ដែលទទួលបន្ទុកគណៈកម្មការទទួលពាក្យបណ្ដឹង អង្កេត និងទំនាក់ទំនងជាមួយរដ្ឋសភា និងព្រឹទ្ធសភា ដើម្បីពិភាក្សាការងារ និងស្វែងយលអំពីការរីកចំរើនរបស់ខេត្ត និងយន្តការដោះស្រាយទំនាស់ដីធ្លី ដោយមានការអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវសមាជិកគណៈកម្មការទី១ មេបញ្ជាការរងកងកម្លាំងទាំងបីប្រភេទ ប្រធានមន្ទីរអង្គភាពពាក់ព័ន្ធ អភិបាលក្រុងស្រុកទាំង០៥ ដែលប្រព្រឹត្តទៅនៅសាលប្រជុំសាលាខេត្តមណ្ឌលគិរី នាព្រឹកថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២០។
លោក ញ៉ន សិទ្ធ អភិបាលរងខេត្ត បានជំរាបជូនរបាយការណ៍សង្ខេប ដែលរដ្ឋបាលខេត្ត បានអនុវត្តគោលនយោបាយ និងយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាល ទទួលបានសមិទ្ធផលជាបន្តបន្ទាប់ និងមានការអភិវឌ្ឍរីកចំរើនគួរឲ្យកត់សម្គាល់ ទន្ទឹមនេះដែរ ខេត្តមណ្ឌលគិរី ក៏កំពុងជួបបញ្ហាដីធ្លី និងបញ្ហាព្រៃឈើមួយចំនួនផងដែរ។ លោក បញ្ជាក់ថា នៅទូទាំងខេត្តមណ្ឌលគិរី ក្នុងរយៈពេលកន្លងមក អនុវត្តបានយ៉ាងល្អប្រសើរនូវការងារ សិទ្ធិមនុស្ស ប្រជាពលរដ្ឋគ្រប់រូប មានសិទ្ធិសេរីភាពគ្រប់គ្រាន់ក្នុងការដើរហើរ បញ្ចេញមតិ សិទ្ធិរស់រានមានជីវិត និងសិទ្ធិសេរីភាពផ្សេងៗជាច្រើនទៀត។ ម្យ៉ាងទៀត អាជ្ញាធរ ក៏បានសហការ ជាមួយអង្គការសង្គមស៊ីវិលធ្វើការងារសិទ្ធិមនុស្ស ដើម្បីជំរុញការអនុវត្តន៍សិទ្ធិមនុស្ស ឲ្យបានកាន់តែល្អប្រសើរឡើងថែមទៀត ជាពិសេស រដ្ឋបាលឃុំ សង្កាត់ ក្រុង ស្រុក និងខេត្ត តែងតែបានដោះស្រាយបញ្ហា ឬដោះស្រាយពាក្យបណ្តឹងរបស់ប្រជាពលរដ្ឋ ទៅតាមសមកិច្ចរបស់ខ្លួន នៅពេលដែលមានបណ្តឹងដាក់ដល់រដ្ឋបាលរបស់ខ្លួន។ ទន្ទឹមនឹង នោះដែរ បណ្តឹងផ្សេងៗ ដែលជាទុក្ខកង្វល់របស់ប្រជាពលរដ្ឋ ដែលបានប្តឹង ឬស្នើសុំឲ្យមានដំណោះស្រាយតាមរយៈវេទិកាសាធារណៈផ្សេងៗ ក្រៅពីការដាក់បណ្តឹងទៅរដ្ឋបាល ក្នុងនាមអាជ្ញាធរតែងតែខិតខំយកចិត្ត ទុកដាក់ដោះស្រាយបញ្ហាជូនប្រជាពលរដ្ឋ។
ឯកឧត្តម ប្រាជ្ញ ច័ន្ទ ប្រធានគណៈកម្មការទី១ នៃរដ្ឋសភា បានលើកឡើងក្នុងគោលបំណង ដើម្បីផ្សព្វផ្សាយអំពីតួនាទី និងភារកិច្ចរបស់ខ្លួនទៅអាជ្ញាធរខេត្ត និងមន្ទីរអង្គភាព ដើម្បីឱ្យយល់ និងស្គាល់កាន់តែច្បាស់អំពីគណៈកម្មការទី១ នៃរដ្ឋសភា ក្នុងការអនុវត្តតួនាទីសំខាន់ៗ ដូចជា ពិនិត្យ សិក្សាសេចក្តីព្រាងច្បាប់ និងសេចក្តីស្នើច្បាប់ ដែលពាក់ព័ន្ធនឹងសិទ្ធិមនុស្ស និងការងារស្នូលស្នូល គឺការទទួលពាក្យបណ្តឹងរបស់ប្រជាពលរដ្ឋ អង្កេត និងកិច្ចការទំនាក់ទំនងរដ្ឋសភា ព្រឹទ្ធសភា ព្រមទាំងកិច្ចការផ្សេងៗទៀត។ គណៈកម្មការទី១ ក៏បានលើកជាសំណួរ និងជំរុញទៅអាជ្ញាធរនៃរដ្ឋបាលខេត្ត និងបណ្តាស្ថាប័នមន្ទីរអង្គភាពពាក់ព័ន្ធ ត្រូវបន្តយកចិត្តទុកដាក់បន្ថែមទៀត ជាពិសេស ពាក់ព័ន្ធនឹងកង្វល់ និងសំណូមពរផ្សេងៗរបស់ប្រជាពលរដ្ឋ ដើម្បីធ្វើការសម្របសម្រួល និងរកដំណោះស្រាយ ធ្វើយ៉ាងណាឱ្យប្រជាពលរដ្ឋទទួលបាននូវភាពយុត្តិធម៌ និងការរស់នៅបានសមរម្យ៕

អត្ថបទទាក់ទង