រដ្ឋបាលខេត្តមណ្ឌលគិរី

Mondulkiri Administration
ស្វែងរក

ពិធីប្រកាសចូលកាន់ដំណែងប្រធានមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ

  • 985
  • ដោយ sonea

រដ្ឋលេខាធិការក្រសួងការងារ បានណែនាំដល់ប្រធានមន្ទីរការងារថ្មី ត្រូវយកចិត្តទុកដាក់ឲ្យបានម៉ឺងម៉ាត់ ក្នុងការបំពេញការងារ តាមតួនាទីភារកិច្ចរៀងៗខ្លួនឱ្យបានល្អ ដើម្បីបង្កើនការងារឱ្យមានប្រសិទ្ធភាព
=======
មណ្ឌលគិរី៖ ឯកឧត្តម ហេង សួរ រដ្ឋលេខាធិការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានថ្លែងក្នុងពិធីប្រកាសផ្ទេរភារកិច្ច និងតែងតាំងចូលកាន់មុខតំណែងប្រធានមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តមណ្ឌលគិរី ដោយមានការចូលរួមពីសំណាក់ឯកឧត្តម ម៉ែន ង៉ុយ ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម ស្វាយ សំអ៊ាង អភិបាលខេត្តមណ្ឌលគិរី ដែលប្រព្រឹត្តទៅនៅសាលប្រជុំអគារក្រុមប្រឹក្សាខេត្តមណ្ឌលគិរី នាព្រឹកថ្ងៃទី៤ ខែមីនា ឆ្នាំ២០២០។
ឯកឧត្តម ហេង សួរ រដ្ឋលេខាធិការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានមានប្រសាសន៍ណែនាំដល់ប្រធានមន្ទីរការងារថ្មី ត្រូវបន្តយកចិត្តទុកដាក់ឲ្យបានម៉ឺងម៉ាត់ ក្នុងការបំពេញការងារ តាមតួនាទីភារកិច្ចរៀងៗខ្លួនឱ្យបានល្អ ទី១-ត្រូវចូលរួមអនុវត្តប្រកបដោយស្មារតីទទួលខុសត្រូវនូវរាល់ភារកិច្ច ដែលក្រសួង និងរដ្ឋបាលខេត្តមណ្ឌលគិរី ប្រគល់ជូន។ ទី២-ត្រូវមានសាមគ្គីភាព ឯកភាពផ្ទៃក្នុងឱ្យបានល្អ សំដៅបង្កើនប្រសិទ្ធភាពការងារឱ្យបានទាន់ពេលវេលា។ ទី៣-ត្រូវយកចិត្តទុកដាក់ក្នុងការងារផ្តល់សេវាឱ្យបានល្អ ប្រកបដោយ វិជ្ជាជីវៈខ្ពស់ និងទាន់ពេលវេលា សាកសមជាមន្រ្តីផ្តល់សេវាល្អ ជូនបងប្អូនកម្មករនិយោជិត និងប្រជាពលរដ្ឋ។ ទី៤-ត្រូវខិតខំអនុវត្តឱ្យបានម៉ឺងម៉ាត់នូវរាល់បទបញ្ជា និងគោលការណ៍ ទាំងឡាយរបស់រាជរដ្ឋាភិបាល។ ទី៥-ត្រូវគោរពនូវឋានានុក្រមការងារឱ្យបានខ្ជាប់ខ្ជួន សំដៅធានាបាននូវប្រសិទ្ធភាពការងារខ្ពស់។ ទី៦- ត្រូវគោរពឱ្យបាននូវអភិក្រមទាំង៥ របស់ សម្តេចតេជោនាយករដ្ឋមន្រ្តី “ឆ្លុះកញ្ចក់ ងូតទឹក ដុសក្អែល ព្យាបាល និងវះកាត់” និងបាវចនា ២ គឺកែទម្រង់ខាងក្នុង បង្កើនមិត្តខាងក្រៅក្នុងស្មារតីឯករាជ្យ។ ជាងនេះទៅទៀត ឯកឧត្តម បានថ្លែងនូវការកោតសរសើរចំពោះមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តមណ្ឌលគិរី ដែលបានសហការយ៉ាងល្អ ជាមួយនិងរដ្ឋបាលខេត្តមណ្ឌលគិរី អាជ្ញាធរគ្រប់លំដាប់ថ្នាក់ ក្នុងការដោះស្រាយបញ្ហានានាជូនបងប្អូនកម្មករនិយោជិត និងចូលរួមអនុវត្តច្បាប់ស្តីពីការងារ សំដៅធានាបាននូវលក្ខខណ្ឌការងារល្អប្រសើរនាពេលកន្លងមក។ ឯកឧត្តម ហេង សួរ ណែនាំដល់លោក ណយ ច័ន្ទតារា ដែលទទួលបានមុខតំណែងថ្មីជំនួសប្រធានមន្ទីរចាស់ ដែលត្រូវចូលនិវត្តន៍ ត្រូវខិតខំសហការជាមួយថ្នាក់ដឹកនាំ និងមន្រ្តីរាជការក្រោមឱវាទនៃមន្ទីរការងារ រដ្ឋបាលខេត្ត មន្ទីរជំនាញ អាជ្ញាធរដែនដី និងស្ថាប័នមានសមត្ថកិច្ចទាំងអស់ក្នុងខេត្ត នឹងខិតខំបំពេញការងាររួមគ្នា ដើម្បីសម្រេចបាននូវសមិទ្ធផលថ្មីៗ ជូនរាជរដ្ឋាភិបាលបន្ថែមទៀត។
ឯកឧត្តម ស្វាយ សំអ៊ាង អភិបាលខេត្តមណ្ឌលគិរី បានសំដែងនូវការអបអរសាទរកោតសរសើរ និងធ្វើការវាយតម្លៃខ្ពស់ ចំពោះកិច្ចខិតខំប្រឹងប្រែងក្នុងការអនុវត្តការងាររបស់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការ នៃមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈខេត្ត ដែលបានខិតខំប្រឹងប្រែងយកចិត្តទុកដាក់សហការអនុវត្តការងារបានយ៉ាងល្អប្រសើរក្នុងរយៈពេលកន្លងមក និងបានរួមចំណែកយ៉ាងធំធេងក្នុងការស្តារ កសាង និងអភិវឌ្ឍន៍ប្រទេសជាតិ និយាយរួម និងអភិវឌ្ឍន៍ខេត្តមណ្ឌលគិរី និយាយដោយឡែក ពីមួយថ្ងៃទៅមួយថ្ងៃកាន់តែមានការរីកចម្រើនឈានឡើងជាលំដាប់។
សូមបញ្ជាក់ថា នៅក្នុងពិធីប្រកាសផ្ទេរភារកិច្ច និងតែងតាំងចូលកាន់មុខតំណែងប្រធានមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តមណ្ឌលគិរី ក្នុងនោះ លោក ណយ ច័ន្ទតារា អតីតអនុប្រធានមន្ទីរការងារ និងបណ្តុះបណ្តាលខេត្តមណ្ឌលគិរី ត្រូវបានតែងតាំងជាប្រធានមន្ទីរការងារថ្មី ជំនួសលោក ណយ ស្រូន ត្រូវបានចូលនិវត្តន៍៕

អត្ថបទទាក់ទង