រដ្ឋបាលខេត្តមណ្ឌលគិរី

Mondulkiri Administration
ស្វែងរក

សម្តេចក្រឡាហោម ស ខេង អញ្ជើញជាអធិបតីក្នុងពិធីប្រកាសចូលកាន់មុខតំណែងអភិបាលនៃគណៈអភិបាលខេត្តមណ្ឌលគិរី។

  • 768
  • ដោយ Admin

នារសៀលអង្គារ៍ ៦កើត ខែអស្សុជ ឆ្នាំឆ្លូវ ត្រីស័ក ព.ស២៥៦៥ ត្រូវនឹងថ្ងៃទី១២ ខែតុលា ឆ្នាំ២០២១នេះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញជាអធិបតីពិធីប្រកាសចូលកាន់មុខតំណែងអភិបាលនៃគណៈអភិបាលខេត្តមណ្ឌលគិរី។ ពិធីនេះបានប្រារព្ធឡើងបន្ទាប់ពីព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា បានត្រាស់បង្គាប់តែងតាំងឯកឧត្តម ថង សាវុន ជាអភិបាលនៃគណៈអភិបាលខេត្តមណ្ឌលគិរី ជំនួសឯកឧត្តម ស្វាយ សំអ៊ាង ដែលត្រូវបានត្រាស់បង្គាប់តែងតាំងជាអភិបាលនៃគណៈភិបាលខេត្តស្ទឹងត្រែង។ ជាកិច្ចចាប់ផ្ដើម ស្វាយ សំអ៊ាង បានធ្វើរបាយការណ៍ស្វាគមន៍ជូនសម្ដេចក្រឡាហោម គណៈអធិបតី ព្រមទាំងអង្គពីធី អំពីស្ថានភាពទូទៅរបស់ខេត្តមណ្ឌលគិរី និងសមិទ្ធផលការងារបំរើជាតិ និងប្រជាជនដែលខេត្តសម្រេចបានក្នុងអាណត្តិការងាររបស់ឯកឧត្តមកន្លងមក។ ជាមួយគ្នានេះ ឯកឧត្តម ថង សាវុន អតីតអភិបាលរតនគិរី និងជាអភិបាលថ្មីនៃគណៈអភិបាលខេត្តមណ្ឌលគីរីក៏បានថ្លែងប្ដេជ្ញាចិត្តសម្រាប់ការចូលកាន់មុខតំណែង បន្ទាប់ពីទទួលព្រះរាជក្រឹត្យ និងត្រារដ្ឋបាលខេត្តមណ្ឌលគិរីពីសម្ដេចក្រឡាហោម ស ខេង។សម្ដេចក្រឡាហោម បានកោតសរសើរកិច្ចខិតខំប្រឹងប្រែងទាំងអស់របស់ថ្នាក់ដឹកនាំ និងមន្ត្រីទាំងអស់ ដែលមានឯកឧត្តម ស្វាយ សំអ៊ាង ជាអភិបាលនៃគណៈអភិបាលមណ្ឌលគិរីរួមជាមួយក្រុមប្រឹក្សា មន្ត្រីរាជការគ្រប់ជាន់ថ្នាក់ ទទួលខុសត្រូវបំពេញបេសកកម្មជាច្រើន ពិសេសការផ្ដល់សេវាសាធារណៈជូនប្រជាពលរដ្ឋ។ជាមួយគ្នានេះ សម្ដេចក្រឡាហោមក៏សង្ឃឹមជឿជាក់ថាឯកឧត្តម ស្វាយ សំអ៊ាង ដែលចេញទៅបំពេញភារកិច្ចជាអភិបាលខេត្តស្ទឹងត្រែង ជំនួសឯកឧត្តម ម៉ុម សារឿន នោះនឹងបន្តខិតខំបំពេញភារកិច្ចបំរើប្រជាជន និងអភិវឌ្ឍន៍ស្ទឹងត្រែងបន្តទៀត។សម្ដេចក៏បានស្នើក្រុមប្រឹក្សា ថ្នាក់ដឹកនាំ មន្ត្រីរាជការ និងប្រជាពលរដ្ឋក្នុងខេត្តមណ្ឌលគិរី ផ្ដល់ការគាំទ្រ និងលើកទឹកចិត្តឯកឧត្តម ថង សាវុន ក្នុងការបំពេញភារកិច្ចជាអភិបាលនៃគណៈអភិបាលខេត្ត ហើយបន្តអភិវឌ្ឍន៍ខេត្តនេះបន្ថែមទៀតជាមួយនឹងគំនិតផ្ដួចផ្ដើមគំនិតថ្មីៗ។សម្ដេចក៏បានផ្ដល់អនុសាសន៍ណែនាំឱ្យរដ្ឋបាលខេត្តមណ្ឌលគិរី សូមបន្តខិតខំថែរក្សាការពារសុខសន្តិភាព និងសណ្ដាប់ធ្នាប់ដែលជាគន្លឹះនៃធានាការអភិវឌ្ឍសេដ្ឋកិច្ច សង្គម ព្រមទាំងខិតខំបន្តអនុវត្តវិធានការបង្ការទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ-១៩។សម្ដេចក្រឡាហោម ក៏បានណែនាំអភិបាលខេត្តថ្មីការពារសន្តិភាព ពង្រឹងសន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ ដើម្បីធានាប្រក្រតីភាព និងវឌ្ឍនភាពនៃជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ និងការរីកចំរើននៃសេដ្ឋកិច្ច និងសង្គម។សម្ដេចបានណែនាំថ្នាក់ដឹកនាំមន្រ្តីរាជការស៊ីវិល និងកងកម្លាំងបន្តខិតខំពង្រឹងកិច្ចសហប្រតិបត្តិការទប់ស្កាត់បទល្មើសឆ្លងដែនគ្រប់ប្រភេទ រួមគ្នាថែរក្សា និងការពារព្រៃឈើ ព្រមទាំងធនធានធម្មជាតិផ្សេងៗទៀតដែលមានក្នុងខេត្តឱ្យបានល្អ។ក្នុងឱកាសនោះដែរ សម្ដេចក៏បានគូសបញ្ជាក់អំពីការធ្វើកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការនៅកម្ពុជា ដែលបញ្ហាគន្លឹះនៃភាពជោគជ័យនៃគោលនយោបាយនេះគឺត្រូវការការចូលរួមគាំទ្រ និងអនុវត្តពីថ្នាក់ដឹកនាំ និងមន្ត្រី ព្រមទាំងប្រជាពលរដ្ឋ។សម្ដេចក៏បានគូសបញ្ជាក់អំពីដំណើរការបោះឆ្នោតឆ្នាំ២០២២ដែលជាការអនុវត្តសិទ្ធិសេរីភាពរបស់ប្រជាពលរដ្ឋក្នុងការជ្រើសរើសមន្ត្រីគណបក្សដែលគាត់មានទំនុកចិត្ត។ សម្ដេចបានណែនាំឱ្យមន្ត្រីខិតខំធ្វើអំពើល្អជាមួយប្រជាពលរដ្ឋ៕

អត្ថបទទាក់ទង