រដ្ឋបាលខេត្តមណ្ឌលគិរី

Mondulkiri Administration
ស្វែងរក

គណៈកម្មការជំនាញខេត្តមណ្ឌលគិរី ប្រទេសកម្ពុជានិងគណៈកម្មការជំនាញខេត្តដាក់ឡាក់ប្រទេសវៀតណាម ជួបប្រជុំស្ដីពីការបន្តជីកគាស់រុករក និងធ្វើមាតុភូមិនិវត្តន៍អដ្ឋិធាតុកងទ័ពស្ម័គ្រចិត្តវៀតណាមពលីក្នុងសម័យសង្គ្រាម

  • 274
  • ដោយ Admin

គណៈកម្មការជំនាញខេត្តមណ្ឌលគិរី ប្រទេសកម្ពុជា និងគណៈកម្មការជំនាញខេត្តដាក់ឡាក់ប្រទេសវៀតណាម ជួបប្រជុំស្ដីពីការបន្តជីកគាស់រុករក និងធ្វើមាតុភូមិនិវត្តន៍អដ្ឋិធាតុកងទ័ពស្ម័គ្រចិត្តវៀតណាមពលីក្នុងសម័យសង្គ្រាមនៅកម្ពុជា ខេត្តមណ្ឌលគិរី ៖នៅព្រឹកថ្ងៃទី ២៦ ខែតុលា ឆ្នាំ ២០២១ គណៈកម្មការជំនាញខេត្តមណ្ឌលគិរី ដឹកនាំដោយលោកស្រី វិន សុីធួន អភិបាលរងខេត្ត ដោយមានការចូលរួមពីលោកនាយក នាយករងរដ្ឋបាលសាលាខេត្ត មេបញ្ជាការរងកងកម្លាំងប្រដាប់អាវុធទាំង ៣ ប្រភេទ ប្រធាន អនុប្រធានមន្ទីរ អង្គភាពពាក់ព័ន្ធ អភិបាល អភិបាលរងក្រុង/ស្រុកទាំង ៥ បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំជាមួយគណៈកម្មការជំនាញនៃខេត្តដាក់ឡាក់ ប្រទេសវៀតណាម ដឹកនាំដោយលោកស្រី ហឺយឹម កាដត អនុប្រធានគណៈកម្មាធិការប្រជាជនខេត្ត និងជាប្រធានគណៈកម្មការជំនាញខេត្តដាក់ឡាក់ ដើម្បីពិភាក្សា និង ឯកភាពលើការងារបន្តជីកគាស់ ស្វែងរក និងធ្វើមាតុភូមិនិវត្តន៍អដ្ឋិធាតុកងទ័ពស្ម័គ្រចិត្តនិងជំនាញការវៀតណាម ដែលបានពលីកាលពីសម័យសង្គ្រាមក្នុងទឹកដីខេត្តមណ្ឌលគិរី សំរាប់រដូវប្រាំងឆ្នាំ ២០២១- ២០២២ ។ កិច្ចប្រជុំនេះបានធ្វើឡើងនៅស្នាក់ការត្រួតពិនិត្យច្រកទ្វារព្រំដែនទ្វេរភាគី ប៊ូប្រាំង កម្ពុជា វៀតណាម។ តាមរយៈកិច្ចប្រជុំពិភាក្សាខាងលើនេះ គណៈកម្មការជំនាញខេត្តមណ្ឌលគិរីនិងខេត្តដាក់ឡាក់ បានឯកភាពទៅលើចំណុចមួយចំនួនដូចខាងក្រោម÷១-ក្រុមការងារជំនាញខេត្តដាក់ឡាក់ នឹងបញ្ជូនមន្ត្រីជំនាញរបស់ខ្លួនចំនួន៦៧ រូបសម្រាប់ចុះអនុវត្តការងារខាងលើ ដែលនឹងត្រូវអនុវត្តចាប់ពីខែវិច្ឆិកា ឆ្នាំ២០២១ រហូតដល់ចុងខែឧសភាឆ្នាំ ២០២២ ។២-សម្រាប់ទីតាំងធ្វើការសិក្សា ស្វែងរកអដ្ឋធាតុ គឺត្រូវធ្វើឡើងនៅតាមបណ្ដាលក្រុងស្រុកទាំង៥ ក្នុងខេត្តមណ្ឌលគិរី ។៣-អាជ្ញាធរ កងកម្លាំង ត្រូវផ្ដល់កិច្ចសហការ និងជួយសម្របសម្រួលដល់ក្រុមការងារជំនាញខេត្តដាក់ឡាក់ ដើម្បីបង្កលក្ខណៈងាយស្រួលដល់ក្រុមការងារ ក្នុងការសិក្សាស្វែងរក ជីកគាស់ និងធ្វើមាតុភូមិនិវត្តន៍អដ្ឋិធាតុកងទ័ពស្ម័គ្រចិត្តមកកាន់មាតុប្រទេសវៀតណាមវិញ ។៤-មន្ត្រីជំនាញ ចុះសិក្សានិងរុករកអដ្ឋិធាតុ ត្រូវគោរពឱ្យបានម៉ឺងម៉ាត់នូវទំនៀមទម្លាប់ប្រពៃណីរបស់ប្រជាជន ទំនៀមទំលាប់បងប្អូនជនជាតិដើមភាគតិច និងជាពិសេសគឺច្បាប់របស់ព្រះរាជាណាចក្រកម្ពុជា ៕

អត្ថបទទាក់ទង